(ហ្គាយ៉ាគីល)៖ លោក Sprinter Alex Quinonez អតីតម្ចាស់មេដាយសំរឹទ្ធ ជើងឯកពិភពលោក សញ្ជាតិអេក្វាឌ័រ ត្រូវបានគេប្រទះឃើញស្លាប់ នៅក្នុងស្រុកកំណើតរបស់លោក នាទីក្រុង Guayanquil កាលពីថ្ងៃសុក្រ។ នេះបើតាមការបញ្ជាក់របស់ក្រសួងកីឡាអេក្វាឌ័រ ដកស្រង់ការផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៤ ខែតុលា ឆ្នាំ២០២១។

តាមរយៈ Twitter ក្រសួងកីឡាអេក្វាឌ័របានថ្លែងយ៉ាងដូច្នេះថា «ជាមួយនឹងក្តីសោកសៅយ៉ាងក្រៃលែង យើងក៏សូមបញ្ជាក់ថា កីឡាករដ៏ឆ្នើមរបស់យើង Alex Quinonez បានទទួលមរណភាពហើយ»

ប្រភពពីសារព័ត៌មានក្នុងតំបន់ El Universo បានឲ្យដឹងដែរថា Quinonez អាយុ ៣២ឆ្នាំ និងមនុស្សមួយចំនួនទៀត ត្រូវបានបាញ់ស្លាប់នៅវេលាម៉ោង ៩៖២០នាទីយប់ ថ្ងៃសុក្រនេះ នៅភាគពាយព្យនៃទីក្រុង។

លោក Quinonez បានឈ្នះមេដាយនៃការរត់ចម្ងាយ ២០០ម៉ែត្រ ក្នុងការប្រកួតជើងឯកពិភពលោក ឆ្នាំ២០១៩ នៅទីក្រុងដូហា ប្រទេសកាតា ហើយក៏បានឡើងដល់វគ្គផ្តាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍នេះដូចគ្នា នៅកីឡាអូឡាំពិកក្រុងឡុងដ៍ ឆ្នាំ២០១២ ផងដែរ៕