(កូរ៉េ)៖ តួអង្គសំខាន់ៗពីរនាក់ក្នុងរឿងភាគល្បីរបស់កូរ៉េ «Squid Game» គឺលោក Lee Byung Hun ដែលជាតួអង្គ Front Man និង លោក Lee Jung Jae ដែលជាតួឯកប្រុសពាក់អាវលេខ ៤៥៦ ត្រូវបានអញ្ជើញឲ្យចូលរួម ក្នុងព្រឹត្តិការណ៍លំដាប់ពិភពលោកដ៏ធំ គឺ LACMA Art និង Film Gala ឆ្នាំ២០២១ ដែលនឹងធ្វើឡើងនាពេលខាងមុខនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន All K-POP នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១។

ភាពជោគជ័យយ៉ាងសម្បើមរបស់រឿងភាគកូរ៉េ «Squid Game» ក្រៅពីបាននាំយកប្រាក់ចំណេញ ឲ្យផលិតកររាប់លានដុល្លារហើយនោះ ងាមកមកសិល្បករ-សិល្បការិនី ដែលលេចវត្តមានក្នុងរឿងនេះ កាន់តែរីកមុខរីកមាត់បន្ថែមទៀត ក្នុងក្រសែភ្នែកមហាជនទូទាំងពិភពលោក រហូតត្រូវបានអញ្ជើញឲ្យចូលរួម ក្នុងកម្មវិធីលំដាប់ពិភពលោកនានា ពោលគឺល្បីមិនចាញ់តួហូលីវូដឡើយ។ ខណៈតួប្រុសដែលចូលរួមសម្តែងក្នុងរឿងនេះ ពីររូបទៀត គឺតួ Front Man និងតួពាក់អាវលេខ ៤៥៦ ត្រូវបានផ្តល់កិត្តិយសជាពិសេស ចូលរួមព្រឹត្តិការណ៍លំដាប់ពិភពលោក LACMA Art និង Film Gala ដែលជាកម្មវិធីផ្នែកភាពយន្ត និងសិល្បៈមានការចូលរួមពីសំណាក់ តារាហូលីវូដល្បីៗជាច្រើនរូប។

តារាសម្ដែង ២រូបខាងលើត្រូវបានអញ្ជើញឲ្យចូលរួម កម្មវិធីខាងលើ LACMA Gala ជាមួយនឹងអ្នកដឹកនាំរឿង «Squid Game» Hwang Dong Hyuk។ កម្មវិធីខាងនេះ នឹងត្រូវធ្វើឡើងនៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះ នៅទីក្រុង Los Angeles សហរដ្ឋអាមេរិក។

គួរជម្រាបថា អ្នកទាំង២ គឺតួពាក់អាវ ៤៥៦ និងតួ Front Man ដែលសម្តែងដោយលោក Lee Byung Hun ក៏ធ្លាប់បានចូលរួមកម្មវិធី «LAMCA Gala» ដែរ កាលពីឆ្នាំ២០១៩។ លោក Lee Byung Hun ដែលជាតួ Front Man ត្រូវបានអ្នកតាមដានភាពយន្តដឹងថា លោកពិតជាមានភាពល្បីល្បាញជាខ្លាំង ព្រោះបានចូលរួមថតរឿងហូលីវីដជាច្រើនផងដែរ ខណៈក្នុងរឿង «G.I.Joe» លោកដើរជាតួអង្គនិនចា និងនៅមានរឿងល្បីៗជាច្រើនទៀត ដែលលោកធ្លាប់ចូលរួមសម្តែង៕