(ភ្នំពេញ)៖ កីឡាករ ទេស សម្បត្តិ ប្រធានក្រុមជម្រើសជាតិអាយុក្រោម ២៣ឆ្នាំកម្ពុជា បានទទួលស្គាល់ជប៉ុន គឺជាក្រុមខ្លាំងក្នុងពូល ហើយក៏មានប្រៀបជាងក្រុមខ្លួនផងដែរ ព្រោះពួកគេបានឈរចាំជួបកម្ពុជានាព្រឹកថ្ងៃទី២៦ ខែតុលាស្អែក បន្ទាប់ពីក្រុមគោព្រៃជំទង់កម្ពុជា បានធ្វើការងារធ្ងន់ក្នុងជំនួបបើកឆាកពូល K នៃវគ្គជម្រុះពានរង្វាន់ AFC U23 Asian Cup 2022 ដោយយកឈ្នះក្រុម U23 ហុងកុងដោយលទ្ធផល ៤-២ កាលពីចុងសប្ដាហ៍កន្លងទៅ។

banner

ខ្សែការពារដ៏រឹងមាំរបស់ក្រុមគោព្រៃរូបនេះបាននិយាយថា «ក្រុមជម្រើសជាតិជប៉ុន (U23) គេមានប្រៀប ព្រោះគេបានមើលការប្រកួតរបស់យើង គេដឹងពីរបៀបលេងរបស់យើង ហើយក៏មានប្រៀបកម្លាំងដែរ ព្រោះយើងលេងបានមួយប្រកួត យើងរាងថមថយកម្លាំងជាងគេបន្ដិច។ តែមិនថ្វីសម្រាប់ពួកយើងនោះទេ ពួកយើងនឹងព្យាយាមឲ្យអស់ពីសមត្ថភាពដែលពួកយើងមាន ដើម្បីប្រជាជនរបស់យើង ដើម្បីក្រុមរបស់យើង និងដើម្បីប្រទេសរបស់យើង»

ក្រុម U23 កម្ពុជា នឹងត្រូវប្រកួតចុងក្រោយរបស់ខ្លួនក្នុងពូល K ជាមួយក្រុមម្ចាស់ផ្ទះ U23 ជប៉ុននាម៉ោង ១១ព្រឹក (ម៉ោងនៅកម្ពុជា) ថ្ងៃអង្គារស្អែកនេះ នៅកីឡដ្ឋាន J-Village ប្រទេសជប៉ុន។ នេះគឺជាការប្រកួតដ៏សំខាន់ ដោយកម្ពុជាត្រូវការពិន្ទុដាច់ខាត ដើម្បីរក្សាឱកាសឡើងវគ្គបន្ដ ពោលគឺបើសិនកម្ពុជាឈ្នះ កម្ពុជានឹងឡើងវគ្គបន្ដដោយស្វ័យប្រវត្តិ តែបើស្មើ កម្ពុជាត្រូវចាំអ៊ុតលទ្ធផលការប្រកួតបញ្ចប់ពូល K រវាងជប៉ុន និងហុងកុង ក៏ដូចជាលទ្ធផលពូលផ្សេងៗទៀត។

សូមបញ្ជាក់ថា ការប្រកួតជម្រុះពានរង្វាន់ AFC U23 Asian Cup Uzbekistan 2022-Qualifiers គឺមានប្រទេសចំនួន ៤០ចូលរួម និងបែងចែកជា ១១ពូល ខណៈកម្ពុជាស្ថិតក្នុងពូល K ជាមួយហុងកុង និងជប៉ុន។ ក្រោយបញ្ចប់ការប្រកួតនេះ ក្រុមចំណាត់ថ្នាក់លេខ១ នៃពូលនីមួយៗ រួមទាំងក្រុមចំណាត់ថ្នាក់លេខ២ ល្អជាងគេចំនួន ៤ក្រុម នឹងបានឡើងទៅវគ្គ ១៦ក្រុមចុងក្រោយ (ជុំផ្ដាច់ព្រ័ត្រ) ជាមួយម្ចាស់ផ្ទះអូបេគីស្ថាន នាឆ្នាំ២០២២ ខាងមុខ៕