(អាមេរិក)៖ ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ PayPal បានបញ្ជាក់ជាផ្លូវការថា ខ្លួនមិនមានបំណងចង់ទិញក្រុមហ៊ុន Pinterest Inc ក្នុងតម្លៃ ៤៥ពាន់លានដុល្លារអាមេរិក ដូចសារព័ត៌មានចេញផ្សាយឡើង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១។

សារព័ត៌មាន Bloomberg News បានរាយការណ៍កាលពីសប្ដាហ៍មុនថា ក្រុមហ៊ុន PayPal បានជួបពិភាក្សាជាមួយនឹងក្រុមហ៊ុន Pinterest ក្នុងគោលដៅស្វែងរកការទិញក្រុមហ៊ុនមួយនេះតែម្ដង ខណៈដែល Reuters បានចេញផ្សាយថា ក្រុមហ៊ុន PayPal ហ៊ានឲ្យតម្លៃ ៧០ដុល្លារអាមេរិក ក្នុងមួយហ៊ុន។

តម្លៃដែលសារព័ត៌មានបានចេញផ្សាយនេះ ត្រូវបានគេកត់ត្រាទុកនៅក្នុងកំណត់ត្រាប្រវត្តិសាស្ត្រនៃការទិញលក់ក្រុមហ៊ុនដែលជាបណ្ដាញសង្គម ព្រោះកាលពីឆ្នាំ២០១៥ ក្រុមហ៊ុន Microsoft បានទិញបណ្ដាញសង្គមការងារ LinkedIn ក្នុងតម្លៃ ២៦,២ពាន់លានដុល្លារអាមេរិក។

ក្រុមហ៊ុន PayPal មិនបានបញ្ជាក់អ្វីច្រើនឡើយ ពាក់ព័ន្ធនឹងការច្រានចោលព័ត៌មានខាងលើនេះ។

គួរបញ្ជាក់ផងដែរថា កាលពីថ្មីៗនេះ PayPal បានទិញក្រុមហ៊ុនជប៉ុន Paidy ក្នុងតម្លៃ ២,៧ពាន់លានដុល្លារអាមេរិក ដែលជាក្រុមហ៊ុនផ្ដល់សេវាកម្មទិញមុន បង់លុយតាមក្រោយ៕