(អាមេរិក)៖ ខណៈខ្សែភាពយន្តថ្មីរបស់ Netflix ចំណងជើងថា «Red Notice» ដែលជាភាពយន្តប្រមូលផ្តុំ ដោយតារាល្បីៗក្នុងហូលីវូដ កំពុងត្រៀមចាក់បញ្ចាំងនាពេលខាងមុខនោះ នៅពេលនេះ ស្រាប់តែមានព័ត៌មានបែកធ្លាយ ពីតម្លៃខ្លួនរបស់តួអង្គសំខាន់ៗក្នុងរឿងនេះ។ ជាពិសេស គឺតម្លៃខ្លួនរបស់តារាល្បី Dwayne Johnson ហៅ The Rock, Ryan Reynolds និង Gal Gadot ដែលម្នាក់ៗមានតម្លៃខ្លួនខ្ពស់មិនធម្មតា។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Daily Mail នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១។

banner

បើតាមគេហទំព័រ Variety បានឲ្យដឹងថា តារាសម្ដែង The Rock ឬ Dwayne Johnson ដែលមានវ័យ ៤៩ឆ្នាំ, តារាស្រីក្នុងរឿងរឿង “Wonder Woman” គឺ Gal Gadot (ហ្គាល កាដុត) វ័យ ៣៦ឆ្នាំ និងតួអង្គ «Deadpool» លោក Ryan Reynolds (រ៉ាយអេន រ៉េណុល) វ័យ ៤៥, អ្នកទាំង៣ បានមកសម្ដែងរួមគ្នាជាលើកដំបូង ក្នុងខ្សែភាពយន្តវាយប្រហារបែបរន្ធត់ថ្មីរបស់ Netflix មានចំណងជើងថា «Red Notice»។ តារាប្រុស Ryan Reynolds និង Gal Gadot គឺទទួលបានតម្លៃខ្លួន ២០លានដុល្លារអាមេរិក ខណៈ The Rock គឺទទួលបានតម្លៃខ្លួនខ្ពស់ជាងគេ ពោលគឺលើសពី២០លានដុល្លារអាមេរិក ព្រោះតែលោកដើរជាតួអង្គធំក្នុងរឿងនេះ។

បើទោះបីជាតម្លៃខ្លួនរបស់ The Rock មិនត្រូវបានបញ្ចេញក្នុងចំនួនមួយជាក់លាក់ក្តី តែត្រូវបានគេដឹងថា តម្លៃខ្លួនរបស់លោក គឺអាចចន្លោះ ៤០ទៅ៥០លានដុល្លារអាមេរិក។

គួរជម្រាបថា ខ្សែភាពយន្តថ្មីរបស់ Netflix ចំណងជើងថា «Red Notice» ត្រូវបានគេដឹងថា ចំណាយដើមទុនផលិតអស់ទឹកប្រាក់ចន្លោះពី ១៦០លានដុល្លារ ទៅ២០០លានដុល្លារអាមេរិក ដែលធ្វើឲ្យវាក្លាយជាភាពយន្ត ដែលចំណាយដើមទុនផលិតអស់ច្រើនបំផុតរបស់ Netflix។ រឿងថ្មីដែលប្រជុំដោយតារាល្បីៗនេះ នឹងចាក់ផ្សាយលើសេវាកម្ម Netflix នាថ្ងៃទី១២ ខែវិច្ឆិកាខាងមុខនេះ៕