(ដូហា)៖ លោក DAVID Beckham អតីតកីឡាករនៃក្រុមជម្រើសជាតិអង់គ្លេស ទទួលបានទឹកប្រាក់ ១៥០លានអឺរ៉ូ ដែលជាថ្នូរនឹងការតែងតាំងជាឯកអគ្គរដ្ឋទូតសុឆន្ទៈ (Goodwill Ambassador) ឲ្យប្រទេសកាតាក្នុងការត្រៀមខ្លួនធ្វើម្ចាស់ផ្ទះរៀបចំ World Cup 2022។ នេះបើតាមការផ្សាយដោយសារព័ត៌មាន The Sun នៅថ្ងៃចន្ទ ទី២៥ ខែតុលា ឆ្នាំ២០២១។

banner

អតីតប្រធានក្រុមជម្រើសជាតិអង់គ្លេស ដែលមានវ័យ ៤៦ឆ្នាំរូបនេះ នឹងចាប់ផ្តើមបង្ហាញខ្លួនធ្វើជាមុខមាត់ ឬនិយាយដោយសាមញ្ញថា ជាអ្នកលើកបង្ហាញប្រទេសកាតាឲ្យគេស្គាល់ទូទាំងពិភពលោក សម្រាប់គម្រោង Qatar World Cup នៅខែក្រោយនេះតែម្តង។ ម្ចាស់រហស្សនាម Goldenballs បានចុះហត្ថលេខាធ្វើជាឯកអគ្គរដ្ឋទូតសុឆន្ទៈឲ្យប្រទេសកាតា ក្នុងតម្លៃ ១៥លានអឺរ៉ូ ក្នុង ១ឆ្នាំ សម្រាប់រយៈពេល ១០ឆ្នាំ ឬ១ទស្សវត្សរ៍។

សូមជម្រាបថា កាលពីដើមខែនេះដែរ Beckham បានជិះយន្តហោះទៅរដ្ឋធានីកាតា អស់រយៈពេល ១សប្តាហ៍ ដើម្បីដើរទស្សនាកីឡដ្ឋាន ដែលត្រៀមរៀបចំជាកន្លែងប្រកួត World Cup 2022 ក៏ដូចជាបានជួបប្រជុំជាមួយថ្នាក់ដឹកនាំប្រទេសនោះផងដែរ៕