(ប៉េកាំង)៖ ព្រឹត្តិការណ៍រត់ប្រណាំងម៉ារ៉ាតុងប៉េកាំង (Beijing marathon) នៅចុងសប្តាហ៍នេះ ត្រូវបានពន្យាពេល រហូតដល់មានការជូនដំណឹងបន្ថែម, នេះបើតាមការបញ្ជាក់ពីអ្នករៀបចំកម្មវិធី, ខណៈចិន បាននឹងកំពុងប្រយុទ្ធប្រឆាំងនឹងការរាលដាល ពីជំងឺ COVID-19 ប្រភេទ Delta ហើយត្រូវធ្វើឲ្យត្រឡប់ទៅរក គ្មានករណីឆ្លងវិញ មុនពេលព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា (Winter Olympics) មកដល់, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១នេះ។

ចិន បានរាយការណ៍រកឃើញករណីឆ្លងក្នុងស្រុកថ្មី ចំនួន៣៩ករណី នៅថ្ងៃចន្ទនេះ, ក្នុងការផ្ទុះឡើង ដែលរាលដាលដោយការធ្វើដំណើរ របស់ក្រុមភ្ញៀវទេសចរ។

អ្នករៀបចំកម្មវិធី បានឲ្យដឹងថា ព្រឹត្តិការណ៍រត់ប្រណាំង ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃអាទិត្យនេះ ត្រូវបានពន្យាពេល រហូតដល់មានការជូនដំណឹងបន្ថែម ដើម្បីទប់ស្កាត់ហានិភ័យ នៃការរាលដាល និងដើម្បីការពារសុខភាព និងសុវត្ថិភាព របស់អ្នកចូលរួមរត់ប្រណាំង។

គួរបញ្ជាក់ថា មានមនុស្សប្រមាណ៣០,០០០នាក់ ត្រូវបានគេរំពឹងថា នឹងចូលរួមក្នុងព្រឹត្តិការណ៍ Beijing marathon នៅថ្ងៃទី៣១ ខែតុលានេះ។

ការពន្យាពេលនេះ ត្រូវបានធ្វើឡើង ខណៈទីក្រុងប៉េកាំង នៅថ្ងៃពុធនេះ នឹងប្រារព្ធពិធីកំណត់១០០ថ្ងៃ មុនពេលព្រឹត្តិការណ៍ Winter Olympics ដែលគ្រោងនឹងបើក នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២ខាងមុខ៕