(លីវើភូល)៖ ខ្សែប្រយុទ្ធ Mohamed Salah ដែលរកគ្រាប់បាល់បាន ១០ប្រកួតចុងក្រោយឲ្យក្លិបហង្សក្រហម Liverpool ចុងក្រោយនេះ ត្រូវបានគេបង្ហើបថា នឹងទាមទារថ្លៃពលកម្មកើនដល់ ៥០០,០០០ផោនក្នុង ១សប្តាហ៍ ប្រសិនបើចង់ឲ្យកិច្ចសន្យាកីឡាករអន្តរជាតិអេហ្ស៊ីបរូបនេះបន្តលេងនៅ Anfield ទៀតនោះ។

កិច្ចសន្យាចាស់របស់កីឡាករវ័យ ២៩ឆ្នាំខាងលើនេះ នឹងផុតកំណត់ជាមួយ Liverpool នាខែមិថុនា ឆ្នាំ២០២៣ ជាមួយនឹងថ្លៃនឿយហត់បាន ២០ម៉ឺនផោនក្នុង ១សប្តាហ៍ផងដែរ។

តែយ៉ាងណា អតីតកីឡាករធ្លាប់លេងឲ្យ Chelsea និង AS Roma រូបនេះធ្លាប់បានថ្លែងប្រាប់ BBC មកថា រូបគេនឹងបញ្ចប់អាជីពបាល់ទាត់ទាំងស្រុងជាមួយលេងនៅ Premier League នេះឯង ដ្បិតកន្លងមកធ្លាប់ឈ្នះលីគកំពូលអង់គ្លេស និងពានធំប្រចាំទ្វីបអឺរ៉ុប UEFA Champions League ផងដែរ។

Mohamed Salah រកបាន ១៥គ្រាប់ពីការចូលលេងបាន ១២ប្រកួតគ្រប់កម្មវិធីរបស់ Liverpool នារដូវកាលឆ្នាំ២០២១-២០២២នេះ គ្រាដែលហង្សក្រហមឈរនៅលេខ២ ជាបណ្តោះអាសន្នក្នុងតារាង Premier League និងឈ្នះ ៣ប្រកួតជាប់ៗគ្នាផងដែរនៅ UCL៕