(ភ្នំពេញ)៖ ក្រុមជម្រើសជាតិអាយុក្រោម ២៣ឆ្នាំកម្ពុជា នឹងត្រូវប្រកួតបញ្ចប់ពូល K ដោយជួបក្រុមម្ចាស់ផ្ទះ U23 ជប៉ុននាវេលាម៉ោង ១១ព្រឹកនេះ (ម៉ោងនៅកម្ពុជា) នៅកីឡដ្ឋាន J-Village ក្នុងវគ្គជម្រុះពានរង្វាន់ AFC U23 Asian Cup 2022។ មុនការប្រកួតនេះ គ្រូបង្វឹកក្រុមទាំងពីរ បានបង្ហាញការគោរពគ្នាទៅវិញទៅមក ហើយថានឹងលេងតាមរបៀបរៀងៗខ្លួន ដើម្បីដណ្ដើមនូវលទ្ធផលល្អ។
ចំពោះលោក Ryu Hirose គ្រូបង្វឹកក្រុមគោព្រៃជំទង់កម្ពុជាបានថ្លែងមុនការប្រកួតជាមួយក្រុមជម្រើសជាតិយុវជន U23 នៃប្រទេសកំណើតខ្លួនថា «ទោះបីជាក្រុមជប៉ុនមានកម្រិតលើយើង យើងនៅតែឈរលើគោលការណ៍លេងបាល់តាមរបៀបរបស់យើង។ លើសពីនេះ យើងចង់ជម្នះខ្លួនឯង ដូចអ្វីដែលយើងបានលើកឡើងខាងលើ ទោះបីជាគូប្រកួតយើងមានជំនាញ និងសមត្ថភាពខ្លាំងយ៉ាងណាក៏ដោយ»។
ចំណែកគ្រូ U23 ជប៉ុនលោក Togashi Koichi និយាយថា «កម្ពុជាមានកីឡាករដែលមានបច្ចេកទេសល្អច្រើន។ ខ្ញុំគិតថា កម្ពុជាគឺជាក្រុមល្អមួយ តាមការយល់ឃើញរបស់ខ្ញុំ។ យ៉ាងណាមិញ ក្រុមយើងនឹងលេងតាមលក្ខណៈពិសេសរបស់យើង ដែលយើងអាចប្រយុទ្ធជាមួយក្រុមតែមួយ ក្នុងការលេងវាយប្រហារ និងលេងការពារ។ យើងនឹងលេងជាមួយភាពរីករាយសម្រាប់ការប្រកួតកម្រិតអន្ដរជាតិនេះ ទោះបីជាការប្រកួតនេះ ត្រូវលេងក្នុងស្ថានភាពលំបាកនៃវិបត្តិកូវីដ-១៩ ក៏ដោយ»។
គួរដឹងថា នេះគឺជាការប្រកួតបញ្ចប់ពូល K របស់ U23 កម្ពុជា ក្រោយលត់ក្រុម U23 ហុងកុង ៤-២ កាលពីចុងសប្ដាហ៍កន្លងទៅ។ រីឯក្រុម U23 ជប៉ុន ទើបប្រកួតលើកដំបូង មុនពួកគេប្រកួតបញ្ចប់ពូលជាមួយហុងកុង នាថ្ងៃទី២៨ ខែតុលា។ ការប្រកួតនេះ កម្ពុជាត្រូវការពិន្ទុចាំបាច់ ដើម្បីរក្សាឱកាសប្រជែងកៅអីវគ្គបន្ដ ពោលបើសិនកម្ពុជាឈ្នះ កម្ពុជានឹងឡើងវគ្គបន្ដដោយស្វ័យប្រវត្តិ តែបើស្មើ កម្ពុជាត្រូវចាំអ៊ុតលទ្ធផលការប្រកួត រវាងជប៉ុន និងហុងកុង ក៏ដូចជាលទ្ធផលពូលផ្សេងៗទៀត។
សូមបញ្ជាក់ថា ការប្រកួតជម្រុះពានរង្វាន់ AFC U23 Asian Cup Uzbekistan 2022-Qualifiers គឺមានប្រទេសចំនួន ៤០ចូលរួម និងបែងចែកជា ១១ពូល ខណៈកម្ពុជាស្ថិតក្នុងពូល K ជាមួយហុងកុង និងជប៉ុន។ ក្រោមបញ្ចប់ការប្រកួតនេះ ក្រុមចំណាត់ថ្នាក់លេខ១ នៃពូលនីមួយៗ រួមទាំងក្រុមចំណាត់ថ្នាក់លេខ២ ល្អជាងគេចំនួន ៤ក្រុមនឹងបានឡើងទៅវគ្គ ១៦ក្រុមចុងក្រោយ (ជុំផ្ដាច់ព្រ័ត្រ) ជាមួយម្ចាស់ផ្ទះអូបេគីស្ថាន នាឆ្នាំ២០២២ ខាងមុខ៕