(អាមេរិក)៖ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីអាមេរិក Tesla នៅពេលនេះមានតម្លៃនៅលើទីផ្សាររហូតដល់ ១ពាន់ពាន់លានដុល្លារជាលើកដំបូង នៅក្នុងប្រវត្តិសាស្ត្រនៃក្រុមហ៊ុនផលិតរថយន្តអគ្គិសនី បន្ទាប់ពីក្រុមហ៊ុន Hertz បានប្រកាសទិញ រថយន្ត ពី Tesla ចំនួន ១០០០០០គ្រឿង ក្នុងតម្លៃប្រហែលជា ៤,២ពាន់លានដុល្លារអាមេរិក និងជាកិច្ចព្រមព្រៀងទិញលក់ខ្ពស់បំផុតនៅក្នុង ប្រវត្តិសាស្ត្ររថយន្តអគ្គិសនី។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា នៅថ្ងៃចន្ទម្សិលមិញនេះ ក្រុមហ៊ុនផ្ដល់ សេវាកម្មជួលរថយន្ត Hertz បានធ្វើការបញ្ជាទិញរថយន្តអគ្គិសនីពីក្រុមហ៊ុន Tesla ចំនួន ១០០០០០គ្រឿង ហើយរំពេចភ្លាមនោះ តម្លៃផ្សារហ៊ុនរបស់ក្រុមហ៊ុន Tesla ក៏កើនឡើងភ្លាមផងដែរ ដែលបានជំរុញឱ្យក្រុមហ៊ុនមួយនេះមានតម្លៃនៅលើទីផ្សារសរុបចំនួន ១ពាន់ពាន់លានដុល្លារអាមេរិក។

បច្ចុប្បន្ននេះ ក្រុមហ៊ុនអាមេរិកដូចជា Apple, Amazon និង Microsoft គឺសុទ្ធតែមានតម្លៃនៅលើទីផ្សារហ៊ុនលើសពី ១ពាន់ពាន់លានដុល្លារ ប៉ុន្តែសម្រាប់ Tesla គឺជាប្រវត្តិសាស្ត្រដំបូងនៃក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដែលឈានដល់កម្រិតកំពូលមួយនេះ ខណៈដែល កិច្ចព្រមព្រៀង ទិញរថយន្តរវាង Tesla និង Hertz មានតម្លៃប្រហែល ៤,២ពាន់លានដុល្លារអាមេរិក៕