(ភ្នំពេញ)៖ លោក Ryu Hirose គ្រូបង្វឹកក្រុមជម្រើសជាតិអាយុក្រោម ២៣ឆ្នាំកម្ពុជាបានរក្សាជម្រើស ១១នាក់ដំបូងដែលបានយកឈ្នះក្រុម U23 ហុងកុង ៤-២ ដដែលសម្រាប់ជំនួបបញ្ចប់ពូល K ជាមួយក្រុមម្ចាស់ផ្ទះ U23 ជប៉ុន នាវេលាម៉ោង ១១ព្រឹកនេះ ក្នុងវគ្គជម្រុះពានរង្វាន់ AFC U23 Asian Cup 2022 នៅកីឡដ្ឋាន J-Village។

ជម្រើស ១១នាក់ដំបូងខាងលើរួមមានអ្នកចាំទី ហ៊ុល គឹមហ៊ុយ, ខ្សែការពារ សឿត បារាំង, យ៉ើ សាហ្វី, ចាន់ សារ៉ាពេជ្រ និងប្រធានក្រុម ទេស សម្បត្តិ។ ខ្សែបម្រើ ញៀន សុស៊ីដាន, សឿត ណាវ៉ា និង មិន រតនៈ។ រីឯខ្សែប្រយុទ្ធវិញរួមមាន លឹម ពិសុទ្ធ, ស៊ិន កក្កដា និង សៀង ចន្ធា។

១១នាក់ដំបូងនេះបានជួយឲ្យក្រុមគោព្រៃជំទង់កម្ពុជា បើកការនាំមុខ U23 ហុងកុង ៤គ្រាប់មុនកាលពីចុងសប្ដាហ៍កន្លងទៅ។ ដូច្នេះចាំមើល តើពួកគេនឹងរក្សាទម្រង់លេងបានល្អ ដើម្បីទប់ទល់ជាមួយក្រុមខ្លាំងជប៉ុនយ៉ាងណា នៅក្នុងជំនួបដ៏សំខាន់នាពេលបន្ដិចទៀតនេះ?

គួរដឹងថា នេះគឺជាការប្រកួតបញ្ចប់ពូល K របស់ U23 កម្ពុជា ក្រោយលត់ក្រុម U23 ហុងកុង ៤-២ កាលពីចុងសប្ដាហ៍កន្លងទៅ។ រីឯក្រុម U23 ជប៉ុន ទើបប្រកួតលើកដំបូង មុនពួកគេប្រកួតបញ្ចប់ពូលទល់នឹងហុងកុងនាថ្ងៃទី២៨ ខែតុលា។ ការប្រកួតនេះ កម្ពុជាត្រូវការពិន្ទុចាំបាច់ ដើម្បីរក្សាឱកាសប្រជែងកៅអីវគ្គបន្ដ ពោលបើសិនកម្ពុជាឈ្នះ កម្ពុជានឹងឡើងវគ្គបន្ដដោយស្វ័យប្រវត្តិ តែបើស្មើ កម្ពុជាត្រូវចាំអ៊ុតលទ្ធផលការប្រកួត រវាងជប៉ុន និងហុងកុង ក៏ដូចជាលទ្ធផលពូលផ្សេងៗទៀត។

សូមបញ្ជាក់ថា ការប្រកួតជម្រុះពានរង្វាន់ AFC U23 Asian Cup Uzbekistan 2022-Qualifiers គឺមានប្រទេសចំនួន ៤០ចូលរួម និងបែងចែកជា ១១ពូល ខណៈកម្ពុជា ស្ថិតក្នុងពូល K ជាមួយហុងកុង និងជប៉ុន។ ក្រោមបញ្ចប់ការប្រកួតនេះ ក្រុមចំណាត់ថ្នាក់លេខ១ នៃពូលនីមួយៗ រួមទាំងក្រុមចំណាត់ថ្នាក់លេខ២ ល្អជាងគេចំនួន ៤ក្រុម នឹងបានឡើងទៅវគ្គ ១៦ក្រុមចុងក្រោយ (ជុំផ្ដាច់ព្រ័ត្រ) ជាមួយម្ចាស់ផ្ទះអូបេគីស្ថាន នាឆ្នាំ២០២២ ខាងមុខ៕