(ភ្នំពេញ)៖ កញ្ញា ព្រះកាយច័ន្ទ ដែលទស្សនិកជនដឹងថា នាងជានាដការីរបាំបុរាណ និងជាតារាសម្តែងដ៏មានទេពកោសល្យ និងមានប្រជាប្រិយភាពម្នាក់នោះ នាពេលនេះកំពុងមានទុក្ខជាទម្ងន់ ព្រោះតែឪពុកបង្កើតរបស់នាង បានទទួលមរណភាព ក្នុងវ័យ៥៦ឆ្នាំ ដោយសារជំងឺឫសដូងបាត។
បើតាមលោក សោម រិទ្ធីសែន ដែលជាបងប្រុសបង្កើតរបស់តារាសម្តែង ព្រះ កាយច័ន្ទ បានថ្លែងប្រាប់ Fresh News Plus នៅព្រឹកនេះឲ្យដឹងថា ឪពុករបស់ខ្លួន ឈ្មោះ សោម ដារ៉ា បានទទួលមរណភាព កាលពីថ្ងៃទី២៥ ខែតុលា ម្សិលមិញនេះ ហើយទើបតែប្រកាសដំណឹងនៅព្រឹកថ្ងៃទី២៦ ព្រោះតែភ្លាមៗរវល់ មិនបានជូនដំណឹងដល់បងប្អូនមហាជន។ លោកថា ឪពុករបស់លោក បានទទួលមរណភាពក្នុងវ័យ ៥៦ឆ្នាំ ដោយសារជំងឺឫសដូងបាត ខណៈបច្ចុប្បន្នសពកំពុងតម្កល់ ធ្វើបុណ្យនៅភូមិឫស្សីស្រុក ស្រុកកៀនស្វាយ ខេត្តកណ្តាល។
អ្នកសិល្បៈជាច្រើនសុទ្ធតែបានដឹងថា ឪពុកបង្កើតរបស់តារាសម្តែង ព្រះ កាយច័ន្ទ ដែលទើបទទួលមរណភាពនោះ គឺកាលលោកនៅមានជីវិត តែងតែប្រឹងរកទីផ្សារសិល្បៈឲ្យកូន រហូតដល់បានសម្តែង។ ឪពុករបស់ព្រះ កាយច័ន្ទ បានធ្វើឲ្យអ្នកសិល្បៈជាច្រើនាក់គោរពស្រឡាញ់ ដោយសារតែចេះ ផ្តល់នូវយោបល់ល្អៗដល់ក្មេងៗជំនាន់ក្រោយ ជាពិសេស គឺការចេះថែរក្សាតម្លៃសិល្បៈ។
ការខ្នះខ្នែងរបស់ឪពុក បានធ្វើឲ្យតារាសម្តែង ព្រះ កាយច័ន្ទ មានឱកាសការងារជាបន្តបន្ទាប់ ខណៈនាងមិនត្រឹមតែចេះសម្តែងប៉ុណ្ណោះទេ ថែមទាំងបានហាត់រៀនរបាំបុរាណនៅសាលាវិចិត្រសិល្បៈផងដែរ រហូតបច្ចុប្បន្ននាងមានសមត្ថភាពអាចបើកក្លឹបបង្ហាត់បង្រៀនរបាំបុរាណដល់ក្មេងៗផងដែរ។
គួរជម្រាបថា បន្ទាប់ពីទទួលបានដំណឹងនេះ អ្នកសិល្បៈរួមអាជីពជាមួយតារាសម្តែង ព្រះកាយច័ន្ទ ជាបន្តបន្ទាប់បាន ផ្ញើសាររំលែកទុក្ខ ដល់នាង និងបានលើកទឹកចិត្តនាង និងម្តាយឲ្យរឹងមាំតស៊ូតទៅទៀតពេលអត់ពីឪពុក។ នាង និងឪពុកបានបង្កើតក្លិបសិល្បៈមួយ ដែលបណ្តុះធនធានខាងរៀនជំនាញ របាំបុរាណប្រជាប្រិយ សម្តែងដើរម៉ូដ និងពិធីករ។ ទាំងព្រះកាយច័ន្ទ និងឪពុកជាអ្នកចូលរួមបង្ហាត់ ព្រោះស្រឡាញ់ និងចង់ឲ្យក្មេងៗចេះចូលរួមថែរក្សាមរតកដើមនៃដូនតា៕