(ភ្នំពេញ)៖ ភោជនីយដ្ឋានអូមីយ៉ា និងភោជនីយដ្ឋានដឺបាងកក ដែលជាភោជនីយដ្ឋានស្ទង់ដារ ធានាលើសុវត្ថិភាព និងគុណភាពជាចម្បង និងជាសាខាមួយរបស់ក្រុមហ៊ុន កម្ពុជាតេលា បានប្រគល់ម្ហូបអាហារចំនួន ១៨០កញ្ចប់ ជូនដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ដើម្បីរួមចំណែកក្នុងយុទ្ធនាការ ប្រឆាំងនិង ជំងឺកូវីដ-១៩។

តំណាងក្រុមហ៊ុន កម្ពុជាតេលា បានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១នេះ ថា ការចូលរួមនេះគឺជាទឹកចិត្ត និងសប្បុរសធម៌ជួយគ្នាក្នុងគ្រាដែលប្រទេសជាតិ កំពុងជួបគ្រោះអាសន្នដោយសារ ការរីករាលដាលនៃជំងឺកូវីដ១៩ ក៏ដូចជាការតមស្នងនូវកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ដែលកំពុងបំពេញភារកិច្ចយ៉ាងសកម្ម ដើម្បីប្រជាជនកម្ពុជា ស្របតាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ ការរីករាលដាលនៃមេរោគកូវីដ-១៩។

តំណាងក្រុមហ៊ុន កម្ពុជាតេលា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមអនុវត្តន៍វិធានការ ៣កុំ ៣ការពារ របស់ប្រមុខនៃរាជរដ្ឋាភិបាល ដែលបានដាក់ ចេញកន្លងមករួមមាន ៣កុំ មាន៖ កុំទៅកន្លែងមានមនុស្សច្រើនកុះករ, កុំទៅកន្លែងបិទជិត និង កុំប៉ះពាល់គ្នា។ ចំណែក៣ការពារមាន៖ ត្រូវលាងដៃ, ត្រូវពាក់ម៉ាស់ និងត្រូវរក្សាគម្លាត ឱ្យបានគ្រប់ៗគ្នា ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ កុំឱ្យឆ្លងចូលក្នុងសហគមផងដែរ។

តំណាងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានថ្លែងកោតសរសើរចំពោះទឹកចិត្តដ៏ល្អប្រពៃ របស់ភោជនីយដ្ឋានអូមីយ៉ា និងភោជនីយដ្ឋានដឺបាងកក ដែលបានជួយ ឧបត្ថម្ភដល់សមាគមគ្រូពេទ្យ ស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ដែលនេះជាទឹកចិត្តដ៏វិសេសវិសាលក្នុងទិសដៅជួយគ្នា ពិសេសនៅគ្រាដែលទាំងអស់គ្នា កំពុងរួមគ្នា ប្រឆាំងការឆ្លងជំងឺកូវីដ១៩នេះ។

សូមបញ្ជាក់ថា ម្ហូបអាហារដែលបានប្រគល់ជូន សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ រួមមាន៖ បាយស្រូបឆាសាច់ជ្រូក ១៥ប្រអប់, បាយសជាមួយខសាច់ជ្រូក ៣៥ប្រអប់, ស្តេកសាច់គោចំឡកបន្ទះដែក ១០ប្រអប់, តុំយុំាបង្កង ១០ប្រអប់, បាយជាមួយម្រះព្រៅសាច់គោ ៨០ប្រអប់ និងសាច់ក្រកជូរបែបថៃបំពងជាមួយគ្រាប់ស្វាយចន្ទី ៣០ប្រអប់៕