(ភ្នំពេញ)៖ ក្រុមហ៊ុនទ្រូម៉ាន់នី កំពុងសហការគ្នាជាមួយក្រុមហ៊ុន foodpanda ដើម្បីជំរុញកំណើននៃការអប់រំផ្នែកហិរញ្ញវត្ថុ និងឌីជីថលក្នុងចំណោមដៃគូដឹកជញ្ជូនអាហារ។ អនុស្សារណៈ នៃការយោគយល់ (MoU) ដែលធ្វើឡើងនៅការិយាល័យកណ្តាលរបស់ក្រុមហ៊ុនទ្រូម៉ាន់នី នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ រវាងក្រុមហ៊ុនទ្រូម៉ាន់នី ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ល្បីឈ្មោះមួយនៅកម្ពុជា និងក្រុមហ៊ុន foodpanda ដែលជាក្រុមហ៊ុនដឹកជញ្ជូនអាហារ និងរបស់ប្រើប្រាស់ប្រចាំថ្ងៃផ្សេងៗឈានមុខគេនៅកម្ពុជាផងដែរនោះ ត្រូវបានធ្វើឡើងដើម្បីជួយផ្តល់ជូនដៃគូដឹកជញ្ជូននូវការយល់ដឹងកាន់តែប្រសើរ អំពីការប្រើប្រាស់ប្រតិបត្តិការអនឡាញ ដែលបច្ចុប្បន្នគឺជាវិធីទូទាត់ដ៏សំខាន់មួយសម្រាប់ឧស្សាហកម្មបដិសណ្ឋារកិច្ច។

ដើម្បីជួយដៃគូដឹកជញ្ជូនអាហាររបស់ក្រុមហ៊ុន foodpanda ឱ្យទទួលបានបទពិសោធទូទាត់អនឡាញ ក្រុមហ៊ុនទ្រូម៉ាន់នីកំពុងផ្តល់ជូនអ្នកដៃគូដឹកជញ្ជូនរបស់ក្រុមហ៊ុន foodpanda នូវកម្មវិធីទូទាត់ True Money Wallet ដោយមានការផ្តល់ជូនទឹកប្រាក់ក្នុងនោះផងដែរ។

លោកស្រី ឃួន ហ្រ្វង់ដារា អគ្គនាយិកាគ្រប់គ្រងផ្នែកយុទ្ធសាស្រ្តរបស់ក្រុមហ៊ុនទ្រូម៉ាន់នី(ខេមបូឌា) បានថ្លែងថា៖ «គំនិតផ្តួចផ្តើមនេះ ចាប់ផ្តើមជាមួយនឹងការផ្តោតលើការអប់រំជាងប្រតិបត្តិការ។ យើងសង្ឃឹមថាតាមរយៈការផ្តល់ជូនកម្មវិធី TrueMoney Wallet ដល់ដៃគូដឹកជញ្ជូនរបស់ក្រុមហ៊ុន foodpanda ពួកគេនឹងយល់កាន់តែច្បាស់អំពីរបៀបទូទាត់អនឡាញ ដែលនឹងជួយពួកគេក្នុងការងាររបស់ខ្លួន»

យោងតាមក្រុមហ៊ុនទ្រូម៉ាន់នី និងក្រុមហ៊ុន foodpanda គំនិតផ្តួចផ្តើមនេះដែលជំហានដំបូងនឹងជួយដៃគូដឹកជញ្ជូនឱ្យស្វែងយល់បន្ថែមអំពីការទូទាត់អនឡាញនេះ នឹងឈានឆ្ពោះទៅរកការយល់ដឹងកាន់តែប្រសើរអំពីឌីជីថលូបនីយកម្មដ៏រហ័ស ក្នុងវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុរបស់កម្ពុជាដែលនាំមុខ ដោយក្រុមហ៊ុននានាដូចជាក្រុមហ៊ុនទ្រូម៉ាន់នីជាដើម។

លោក VIGNES Patrice នាយកគ្រប់គ្រងប្រចាំប្រទេសរបស់ក្រុមហ៊ុន foodpanda បានថ្លែងថា៖ «យើងចុះMoUនេះជាមួយក្រុមហ៊ុនទ្រីម៉ាន់នី ព្រោះយើងចង់ផ្តល់ចំណេះដឹងកាន់តែប្រសើរដល់ដៃគូដឹកជញ្ជូនរបស់យើង ដើម្បីធ្វើការងាររបស់ពួកគេ ហើយក៏ចង់ជួយដល់ភាពរីកចម្រើននៃសង្គមនិងសេដ្ឋកិច្ចដែលកើនឡើងយ៉ាងរហ័សរបស់កម្ពុជាផងដែរ។ ដៃគូដឹកជញ្ជូនរបស់យើងបានធ្វើការងារដ៏អស្ចារ្យ ដោយជួយរក្សាឧស្សហកម្មបដិសណ្ឋារកិច្ចរបស់កម្ពុជាឱ្យរស់រាន។ ឥឡូវយើងចង់ធ្វើឱ្យប្រាកដថា ពួកគេក៏ទទួលបានអត្ថប្រយោជន៍ផងដែរ»

កិច្ចសហការរវាងក្រុមហ៊ុនទាំងពីរនេះ ក៏រំពឹងថានឹងបើកឱកាសឱ្យប្រជាជនកាន់តែច្រើនឡើងធ្វើការទូទាត់តាមអនឡាញ ដោយប្រើប្រាស់កម្មវិធីទូទាត់ TrueMoneyWallet ដែលតាមរយៈនេះនឹងជួយដល់សហគ្រាសធុនតូចនិងធុនមធ្យម (SMEs) ឱ្យបន្តប្រតិបត្តិទៅមុខទៀត បើទោះជាមានការរឹតបន្តឹងពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ក្តី។ គំនិតផ្តួចផ្តើមនេះក៏រំពឹងផងដែរថា នឹងលើកទឹកចិត្តប្រជាជនកម្ពុជា ដែលអាចមានការប្រុងប្រយ័ត្នក្នុងការចេញទៅញ៉ាំអាហារខាងក្រៅ ឱ្យនៅតែរីករាយនឹងការទូទាត់ថ្លៃអាហារជូនភោជនីយដ្ឋានដដែល តាមរយៈការផ្តល់ជម្រើសបន្ថែមទៀតសម្រាប់ការទូទាត់។

លោកស្រី ឃួន ហ្រ្វង់ដារា បានបន្ថែមថា៖ «តាមរយៈការផ្តល់ជូនជម្រើសទូទាត់បន្ថែមនេះទាំងក្រុមហ៊ុនទ្រូម៉ាន់នី និងក្រុមហ៊ុនfoodpanda សង្ឃឹមថា យើងនឹងជំរុញប្រជាជនកាន់តែច្រើនឡើងឱ្យគាំទ្រដល់SMEs នៅក្នុងឧស្សាហកម្មបដិសណ្ឋារកិច្ចតាមរយៈការបញ្ជាទិញតាមអនឡាញ។ យើងក៏សង្ឃឹមផងដែរថាអ្នកដែលមានភាពស្ទាក់ស្ទើរឥឡូវអាចចាប់ផ្តើមងាកមកប្រើប្រាស់ការទូទាត់ឌីជីថល ធ្វើជាវិធីសាស្រ្តទូទាត់ចម្បង»

លោកស្រី ឃួន ហ្រ្វង់ដារា បានថ្លែងថា «យើងក៏សង្ឃឹមផងដែរថាគំនិតផ្តួចផ្តើមនេះក៏នឹងលើកទឹកចិត្តស្រ្តី និងសហគ្រិនស្រ្តីកាន់តែច្រើនឡើងឱ្យប្រើប្រាស់ការទូទាត់ និងប្រតិបត្តិការតាមឌីជីថល។ ជាចុងក្រោយមានស្រ្តីកាន់តែច្រើននៅក្នុងឧស្សាហកម្មបដិសណ្ឋារកិច្ច និងមានស្រ្តីដែលធ្វើការងារជោគជ័យកាន់តែច្រើនដែលពួកគេក៏ទទួលខុសត្រូវផងដែរលើការផ្តល់អាហារដល់គ្រួសារ។ យើងសង្ឃឹមថាការធ្វើឱ្យការបញ្ជាទិញតាមអនឡាញកាន់តែងាយស្រួលតាមរយៈកម្មវិធី True Money Wallet របស់យើងនិងកិច្ចសហការជាមួយក្រុមហ៊ុនfoodpanda នឹងផ្តល់សេវាដ៏មានប្រយោជន៍សម្រាប់ពួកគាត់ផងដែរ»