(អង់គ្លេស)៖ តារាចម្រៀងល្បីឈ្មោះ បោះសំឡេងរបស់អង់គ្លេស ដែលល្បីខ្លាំងតាមរយៈបទចម្រៀង «Shape of You» គឺលោក Ed Sheeran បានប្រកាសថា លោកបានតេស្តឃើញវិជ្ជមានកូវីដ-១៩។ លោក Ed Sheeran រកឃើញវិជ្ជមានកូវីដ-១៩ ស្របពេលដែលអាល់ប៊ុមចម្រៀងថ្មីរបស់លោក ត្រៀមបញ្ចេញនៅប៉ុន្មានថ្ងៃខាងមុខនេះ ខណៈគម្រោងឡើងសម្តែងដោយផ្ទាល់សម្រាប់បទថ្មី ក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រី ក៏ត្រូវបានលុបចោលផងដែរ។

បើតាមការចេញផ្សាយ របស់សារព័ត៌មាន Yahoo បានឲ្យដឹងនៅថ្ងៃទី២៦ ខែតុលា នេះថា ម្ចាស់ពានរង្វាន់ «Grammy Award» ៤លើករូបនេះ បានប្រកាសពីការរកឃើញវិជ្ជមានកូវីដ-១៩ តាមរយៈបណ្តាញសង្គមផ្ទាល់ខ្លួន។ តារាចម្រៀងរូបនេះបានឲ្យដឹងថា លោកបានទទួលលទ្ធផលតេស្តវិជ្ជមានកូវីច-១៩ ខណៈបច្ចុប្បន្នកំពុងដាក់ឲ្យនៅដាច់ដោយឡែក និងអនុវត្តន៍តាមវិធានការរបស់រដ្ឋាភិបាល។

លោក Ed Sheeran បានសរសេរបន្តថា «ពេលនេះខ្ញុំមិនអាចចេញក្រៅ ឬមានទំនាក់ទំនងដោយផ្ទាល់បានទេ ដូច្នេះខ្ញុំនឹងព្យាយាមធ្វើបទសម្ភាសន៍ ក៏ដូចជាច្រៀង និងសម្តែងឲ្យបានច្រើនបំផុត តាមដែលអាចធ្វើទៅបាន ចេញពីផ្ទះរបស់ខ្ញុំផ្ទាល់...»

គួរជម្រាបថា តារាចម្រៀងល្បីឈ្មោះរូបនេះ គ្រោងនឹងបញ្ចេញអាល់ប៊ុមថ្មីចំណងជើងថា «Equals» នៅថ្ងៃទី២៩ ខែតុលា ខាងមុខនេះ។ តាមគម្រោង ក្រោយអាល់ប៊ុមថ្មីបញ្ចេញ លោកនឹងមានការប្រគំតន្ត្រី ឡើងច្រៀង និងសម្តែងចម្រៀងថ្មីរបស់ខ្លួននៅសប្តាហ៍ក្រោយ ព្រមទាំងមានគម្រោងផ្តល់បទសម្ភាសន៍ ជាមួយបណ្តាញផ្សព្វផ្សាយជាច្រើនថែមទៀតផង។ ដោយឡែក គម្រោងការទាំងនោះ ត្រូវបានផ្លាស់ប្តូរទៅវិញ ព្រោះតែលោករកឃើញវិជ្ជមានកូវីដ-១៩៕