(អាមេរិក)៖ ក្រុមហ៊ុនផលិតរថយន្តធំលំដាប់ពិភពលោក Hyundai Motor Co ទទួលបានប្រាក់ចំណេញទាបជាងការរំពឹងទុកនៅក្នុងត្រីមាសទី៣ ដោយសារតែបញ្ហាកង្វះខាតបន្ទះឈីបជាសកល ដែលនាំឱ្យប៉ះពាល់សង្វាក់ផលិតកម្ម និងការនាំចេញរថយន្ត។ នេះបើយោងតាមការចេញផ្សាយ របស់សារព័ត៌មាន Yahoo នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១។

នៅក្នុងត្រីមាសទី៣ ចន្លោះខែកក្កដា និងកញ្ញា ក្រុមហ៊ុន Hyundai ទទួលបានប្រាក់ចំណេញសុទ្ធ ចំនួន ១,៣ពាន់ពាន់លានវ៉ុន (ប្រហែល ១,១០ពាន់លានដុល្លារអាមេរិក) ខណៈដែលកាលពីត្រីមាសដូចគ្នាឆ្នាំមុន ក្រុមហ៊ុន Hyundai បានប្រកាសពីការខាតបង់ប្រាក់ប្រមាណ ៣៣៦ពាន់លានវ៉ុន ដោយសារបញ្ហាគុណភាព និងការប្រមូលរថយន្តមកជួសជុល។

ក្រុមហ៊ុន Refinitiv SmartEstimate បានព្យាករណ៍ថា Hyundai នឹងទទួលបានប្រាក់ចំណេញ ១,៤ពាន់ពាន់លានវ៉ុន ប៉ុន្តែលទ្ធផលនៃការ លក់ ជាក់ស្ដែងគឺទទួលបានត្រឹមតែ ១,៣ពាន់ពាន់លានវ៉ុនប៉ុណ្ណោះ។

ក្រុមហ៊ុន Hyundai បានឱ្យដឹងនៅក្នុងសេចក្ដីថ្លែងការមួយថា ការលក់រថយន្តនៅឆ្នាំនេះមានភាពកើនឡើងយឺត ហើយក៏ប្រហែលជាអាចបន្ត កើន ឡើងយឺតរហូតឆ្នាំ២០២២ផងដែរ ដោយសារតែបញ្ហាកង្វះខាតបន្ទះឈីប។

គួរបញ្ជាក់ផងដែរថា កាលពីដើមខែនេះ ក្រុមហ៊ុន Hyundai បានប្រកាសពីគម្រោងចង់បង្កើត និងអភិវឌ្ឍន៍បន្ទះឈីបដោយខ្លួន ដើម្បីកាត់បន្ថយ ការពឹងផ្នែកលើក្រុមហ៊ុនផ្គត់ផ្គង់ និងបញ្ហាដែលកើតមានជាសកលដូចលប៉ុន្មានឆ្នាំនេះ៕