(ភ្នំពេញ)៖ បន្ទាប់ពីមានការបញ្ចេញព័ត៌មានថា មិនអនុញ្ញាតឲ្យយកឈុតតំណាងជាតិ ដែលមានរូបប្រាសាទអង្គរវត្ត ទៅប្រកួតនៅប្រទេសថៃ បានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយស្រទាប់មហាជនក៏បានបង្ហាញអារម្មណ៍ ខឹងសម្បាជុំវិញករណីភាគីប្រទេសថៃ មិនឲ្យយកឈុតនេះទៅប្រកួត។

ជុំវិញបញ្ហានេះលោក អ៉ិន សុភិន អ្នករៀបចំការប្រកួតនៅកម្ពុជា បានអះអាងប្រាប់ Fresh News Plus ឲ្យដឹងថា ភាគីថៃមិនបានហាមប្រាម ចំពោះការយកឈុតនេះទៅប្រកួតនោះទេ ហើយទំនងជាអ្នកច្នៃឈុត យល់ច្រឡំរឿងក្រុមការងាររបស់លោក ទទូចឲ្យកែច្នៃឈុតនោះឲ្យប្រណិត ហើយបើសភាពនៃឈុត គឺមានកង្វះខាតដូចដែលឃើញ គឺនឹងមិនឲ្យយកទៅ ទើបអ្នកច្នៃឈុតបែរជាធ្វើឲ្យមានការយល់ច្រឡំថា កម្មវិធីមិនឲ្យយកទៅ និងថាភាគីថៃបដិសេធ ព្រោះមានជាប់រូបប្រាសាទអង្គរវត្ត។

លោកបានបញ្ជាក់ទៀតថា ក្រោយបញ្ចប់ «Miss Grand Cambodia» ឈុតតំណាងជាតិមួយនេះ មានសភាពបាក់បែក ហើយស្នោ និងកុំផ្លាកេ ដែលពិបាកបត់បែន ទើបលោកបញ្ជាក់ថា បើមិនមានការកែច្នៃ និង រៀបចំឲ្យប្រណិតទេ គឺត្រូវតែដូរឈុតនោះចេញ ដើម្បីកុំឲ្យបាក់បែក និងពិបាកដំឡើងឡើងវិញ នៅពេលដឹកតាមយន្តហោះ។ លោកនឹងក្រុមការងារទាមទាឲ្យម្ចាស់ឈុតនេះ កែលម្អរូបតោ និងផ្ទាំងប្រាសាទ ដោយតម្រូវឲ្យប្រើជ័រ ឬសម្ភារៈដែលស្វិតហើយមាំ ហើយក៏ត្រូវចាប់វីសឲ្យជាប់ផងដែរ ដើម្បីកុំឲ្យខូចនៅលើឆាកពេលប្រកួតនៅថៃ។ ក្រុមការងាររបស់លោកគ្រាន់តែទាមទារ ឲ្យយកឈុតនោះទៅកែឲ្យមាំប៉ុណ្ណោះ ហើយបើកែបានតូច និងស្រួលបត់ ទើបអាចឡើងយកទៅបាន។

លោកបន្តថា ភាគីថៃអត់មានដឹងរឿងមួយនេះទេ តែគឺជាគោលការណ៍ដែលក្រុមការងារ «Miss Grand Cambodia» ដាក់សំណើរមកកាន់អ្នកច្នៃឈុត ឲ្យមានការច្នៃប្រណិតបន្ថែម ដើម្បីកុំឲ្យបាក់បែកពេលដឹកតាមយន្តហោះ។ នេះជាករណីយល់ច្រឡំ ហើយនៅក្នុងពេលនេះ លោកក៏អត់ជំទាស់នឹងការយកឈុតតំណាងជាតិ ដែលមានទំហំធំនោះ ទៅប្រកួតផងដែរ។ តែដាច់ខាតត្រូវកែចាប់វីសឲ្យជាប់ និងឲ្យស្រួលដំឡើង ដោយសារតែពេលប្រកួតនោះ គឺបវរកញ្ញាកម្ពុជា ទៅប្រកួតតែម្នាក់ឯង ដំឡើងឈុតឡើងវិញក៏ម្នាក់ឯង ដែលលោកយល់ថា បើគ្មានការកែតម្រូវ គឺដឹកយកទៅប្រកួតមិនកើតទេ។

យ៉ាងណាមិញ លោក អ៉ិន សុភិន ស្នើឲ្យបញ្ឈប់ការយល់ច្រឡំ នឹងថាខាងភាគីថៃអត់ដឹងរឿងកម្ពុជា សម្រេចយកឈុតអ្វីទៅប្រកួតនោះទេ គឺអាចមានការយល់ច្រឡំ ព្រោះតែលោកតម្រូវឲ្យកែច្នៃ ឲ្យបានល្អជាប់ម៉ឺងជាមុនសិន ដើម្បីធានាគ្មានបញ្ហារឿងបាក់បែក និងពិបាកដំឡើង ទើបអនុញ្ញាតិឲ្យយកទៅប្រកួតនោះតែប៉ុណ្ណោះ។ ក្រុមហ៊ុនមិនខ្លាចក្នុងការចំណាយថ្លៃដឹកនោះទេ ហើយបើទោះជាឈុតនោះធំជាងនេះ ក៏លោកសប្បាយចិត្តរ៉ាប់រងផងដែរ ប៉ុន្តែពិបាកដឹកជញ្ជូន គឺលោកពិតជាស្នើសុំកែតម្រូវ ឬតម្រូវឲ្យដូរឈុតតែម្ដង ដើម្បីកុំឲ្យចំណាយថ្លៃដឹកអស់ដល់ជិត១ម៉ឺនដុល្លារ តែបែរជាយកទៅខូចខាត ឬមិនច្បាស់ពីភាពរឹងមាំ។

បច្ចុប្បន្នលោកក៏ប្រកាសថា នឹងគ្មានការប្ដូរឈុតមួយនេះនោះដែរ គឺនៅតែរក្សាជំហរយកឈុតដដែលទៅប្រកួត ដោយរក្សាទាំងទំហំឈុត គឺអត់បង្រួមទេ តែតម្រូវឲ្យអ្នកធ្វើឈុតប្ដូរពីស្នោ និង កុំផ្លាកេ មិនរឹងមាំ មកជាជ័រស្វិត ឬពីវត្ថុធាតុដើមផ្សេង ដើម្បីឲ្យស្រួលបត់ឡើងយន្តហោះ៕