(ភ្នំពេញ)៖ កម្ពុជា ត្រៀមបញ្ជូនអត្តពលិកជាង ៣០ប្រភេទកីឡាទៅចូលរួមប្រកួតព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ នៅវៀតណាម នាខែឧសភា ឆ្នាំ២០២២ ខាងមុខ។ នេះបើតាមការបញ្ជាក់របស់លោក វ៉ាត់ ចំរើន ក្រោយកិច្ចប្រជុំប្រចាំសប្ដាហ៍របស់គណៈអចិន្ដ្រៃយ៍ នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១។

កិច្ចប្រជុំខាងលើដឹកនាំដោយលោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍ CAMSOC ដោយបានត្រួតពិនិត្យ និងពិភាក្សាការងារលើរបៀបវារៈសំខាន់ៗ៣ ទី១-ការរៀបចំនូវទស្សនីយភាពត្រៀមអបអរសាទរពិធីទទួលទង់ស៊ីហ្គេម ពីវៀតណាម ទី២-សេចក្ដីណែនាំដល់សហព័ន្ធកីឡាជាតិ អំពីការត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេមនៅវៀតណាម និងទី៣-ការត្រៀមរៀបចំពិធីសម្ពោធវិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ និងការរាប់ថយក្រោយ ៥០០ថ្ងៃនាថ្ងៃទី២០ ខែធ្នូខាងមុខ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានបញ្ជាក់ថា កិច្ចប្រជុំនេះបានបញ្ជាក់អំពីភាពច្បាស់លាស់ដល់សហព័ន្ធកីឡាជាតិ ដែលត្រូវចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣១ បន្ទាប់ពីវៀតណាមបានអះអាងនឹងការរៀបចំស៊ីហ្គេមវេណរបស់ខ្លួន នាពាក់កណ្ដាលខែឧសភា ឆ្នាំ២០២២។ ដូច្នេះថ្នាក់ដឹកនាំ CAMSOC បានជំរុញឲ្យសហព័ន្ធទាំងអស់ត្រូវពង្រឹងសមត្ថភាព បច្ចេកទេស និងត្រៀមខ្លួនឲ្យបានល្អ ដើម្បីចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម ដែលជាហ្គេមយុទ្ធសាស្ដ្រឆ្ពោះទៅស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជានេះ។

លោកថា «វៀតណាម បានកំណត់យក ៤០ប្រភេទកីឡាដែលមានជាង ៥០០វិញ្ញាសាក្នុងស៊ីហ្គេម លើកទី៣១ ហើយកម្ពុជាត្រៀមបញ្ជូនអត្តពលិកចន្លោះពី ៣២ ទៅ ៣៣ប្រភេទកីឡាចូលរួម។ ក្នុងនោះប្រភេទកីឡារបស់កម្ពុជាភាគច្រើន គឺមានសក្តានុពលខ្ពស់ ដែលអាចឈានដល់កម្រិតមេដាយ។ ដូច្នេះហើយលោកបណ្ឌិត ថោង ខុន បានជំរុញឲ្យសហព័ន្ធកីឡាជាតិទាំងអស់ ត្រូវពង្រឹងគុណភាពបច្ចេកទេសឲ្យបានល្អប្រសើរ ព្រោះស៊ីហ្គេមលើកទី៣១ គឺជាហ្គេមយុទ្ធសាស្ត្ររបស់កម្ពុជា ក្នុងការកំណត់ វាស់ស្ទង់ កែលម្អ ដើម្បីឆ្ពោះទៅស្វែងរកភាពជោគជ័យ នាស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា»។

ដោយឡែកពាក់ព័ន្ធនឹងពិធីទទួលទង់ស៊ីហ្គេមវិញ រដ្ឋមន្ដ្រី ថោង ខុន ក៏បានជំរុញ និងត្រួតពិនិត្យលក្ខណៈសម្បត្តិឲ្យបានគ្រប់ជ្រុងជ្រោយផងដែរ ពិសេសការរៀបចំនូវទស្សនីយភាពសម្ដែងអបអរសាទរក្នុងពិធីទទួលទង់ស៊ីហ្គេមប្ដូរវេណធ្វើម្ចាស់ផ្ទះនោះ ត្រូវបង្កប់នូវខ្លឹមសារស៊ីជម្រៅ ដើម្បីបង្ហាញពីការត្រៀមទទួលស្វាគមន៍ និងទាក់ទាញបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ និងភ្ញៀវអន្ដរជាតិមកកាន់ស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា តាមរយៈកម្មវិធីសម្ដែងរយៈពេលប្រមាណ ១០នាទីដែលមានទិដ្ឋភាពចម្រុះទាំងទស្សនីយភាពវប្បធម៌ សិល្បៈ ចម្រៀង និងកីឡាជាដើម។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោក វ៉ាត់ ចំរើន។

គួរបញ្ជាក់ថា វៀតណាមបានអះអាងនឹងរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នាពាក់កណ្ដាលខែឧសភា ឆ្នាំ២០២២ បន្ទាប់ពីព្រឹត្តិការណ៍ប្រចាំតំបន់ ២ឆ្នាំម្ដង ដែលគ្រោងរៀបចំនៅចុងខែវិច្ឆិកា ឆ្នាំ២០២១ នេះ ត្រូវបានពន្យារពេលដោយសារវិបត្តិកូវីដ-១៩។ យ៉ាងណាមិញពេលនេះវៀតណាម នៅមិនទាន់កំណត់កាលបរិច្ឆេទរៀបចំការប្រកួតច្បាស់លាស់នោះទេ តែវៀតណាមបានបញ្ជាក់ថា នឹងផ្ញើលិខិតផ្លូវការ អំពីថ្ងៃប្រកួតដល់បណ្ដាប្រទេសសមាជិកក្នុងពេលឆាប់ៗខាងមុខ ក្រោយកិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍កាលពីពេលថ្មីៗកន្លងទៅ៕