(មីឡាន)៖ ១គ្រាប់បំប៉ោងសំណាញ់ទីរបស់ខ្សែប្រយុទ្ធ Olivier Giroud បានជួយឲ្យក្រុមម្ចាស់ផ្ទះ AC Milan ឡើងឈរកំពូលតារាង Serie A វិញ ក្រោយយកឈ្នះគូប្រជែង Torino ក្នុងលទ្ធផល ១-០ នាកីឡដ្ឋាន San Siro នៃសប្តាហ៍ទី១០ ឆ្លងចូលថ្ងៃពុធ ទី២៧ ខែតុលា ឆ្នាំ២០២១ (ម៉ោងនៅកម្ពុជា)។

កីឡាករសញ្ជាតិបារាំង វ័យ ៣៥ឆ្នាំទៅហើយនោះ រកបាន ៤គ្រាប់ហើយឲ្យ AC Milan ក្រោយទទួលបាល់ពីមិត្តរួមក្រុម Rade Krunic នៅនាទី១៤ ដើមវគ្គទី១ មក។

៣ពិន្ទុដ៏សំខាន់ក្នុងដីនេះដែរ បានជួយឲ្យក្រុម AC Milan ដែលលេងមិនឈ្នះនៅ UEFA Champions League រដូវកាលនេះមាន ២៨ពិន្ទុជាបណ្តោះអាសន្នគិតត្រឹម ១០សប្តាហ៍មកនេះ ដ្បិត Napoli ឈរនៅលេខ២ ដោយមាន ២៥ពិន្ទុតែនៅសល់ ១ប្រកួតក្នុងដៃ និងក្រុមការពារតំណែងជើងឯក Inter Milan ឈរនៅលេខ៣ មាន ១៨ពិន្ទុ។

សមាជិកឈ្នះពាន World Cup 2018 ជាមួយបារាំងខាងលើនេះ បានមកចូលរួមជាមួយ AC Milan ក្រោយចប់កិច្ចសន្យាជាមួយតោខៀវ Chelsea នារដូវកាលមុន និងរកបាន ៤គ្រាប់ផងដែរនៅទឹកដី San Siro ក្នុងចំណោម ៦ប្រកួតក្នុងលីគរបស់ AC។

AC Milan ត្រូវធ្វើដំណើរទៅប៉ះក្រុមរបស់លោក Jose Mourinho នៅ Serie A ជាបន្តទៀតនារាត្រីថ្ងៃអាទិត្យចុងសប្តាហ៍នេះ ដែលពួកគេ (Roma) កំពុងឈរនៅលេខ៤ មាន ១៦ពិន្ទុពី ៩ប្រកួតរបស់ពួកគេ៕