(អាមេរិក)៖ Alphabet Inc ដែលជាក្រុមហ៊ុនមេធំរបស់ Google បានប្រកាសឱ្យដឹងថាប្រាក់ចំណេញនៅត្រីមាសទី៣កើនឡើងខ្ពស់លើពី ការរំពឹងទុក ដោយសារតែការលក់ការផ្សព្វផ្សាយពាណិជ្ជកម្មនៅលើ ក្រុមហ៊ុន Google មានការកើនឡើង ជាពិសេសគឺការទិញទំនិញតាមអនឡាញនៅតែបន្តសកម្មភាពខ្លាំងក្លា។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា ដោយសារតែការរីករាលដាលនៃ ជំងឺ កូវីដ១៩ បានបង្ខំឱ្យមនុស្សត្រូវចំណាយប្រាក់ច្រើននៅតាមអនឡាញ ដែលជាហេតុនាំឱ្យមានការផ្សព្វផ្សាយពាណិជ្ជកម្មផ្សេងៗនៅលើ Google និង YouTube កាន់តែច្រើនផងដែរ ដោយវាបានបង្កើតជាទម្លាប់ថ្មីមួយសម្រាប់ពួកគេរស់នៅ។

នៅក្នុងត្រីមាសទី៣ឆ្នាំនេះ ប្រាក់ចំណូលបានមកពីការផ្សព្វផ្សាយពាណិជ្ជកម្មនៅលើ Google មានចំនួន ៥៣,១ពាន់លានដុល្លារអាមេរិក ដោយបានកើនឡើង ៤១ភាគរយ បើធៀបទៅនឹងត្រីមាសដូចគ្នាកាលពីឆ្នាំមុន ចំណែកប្រាក់ចំណូលសុទ្ធបានមកពីការលក់ របស់ក្រុមហ៊ុន Alphabet មានចំនួន ៦៥,១ពាន់លានដុល្លារអាមេរិក ខណៈដែលស្ថាប័នវិភាគ Refinitiv បានព្យាករណ៍ថា មានត្រឹមតែ ៦៣,៣ពាន់លាន ដុល្លារអាមេរិកប៉ុណ្ណោះ។

លោក Philipp Schindler ប្រធានផ្នែកអាជីវកម្មរបស់ Google បានឱ្យដឹងថា បច្ចុប្បន្ននេះមនុស្សបានទទួលយកនូវទម្លាប់ថ្មីមួយគឺការរស់នៅ បែបអនឡាញ បើទោះបីជាមានហាងទំនិញជាច្រើនត្រូវបានបើកដំណើរការ ឡើងវិញហើយក្ដី ក៏ពួកគេនៅតែបញ្ជាទិញតាមអនឡាញដដែល ព្រោះថាវាមានភាពងាយស្រួល។

នៅក្នុងត្រីមាសទី៣នេះ ក្រុមហ៊ុន Alphabet ទទួលបានប្រាក់ចំណេញចំនួន ១៨,៩ពាន់លានដុល្លារអាមេរិក ឬ ២៧,៩៩ដុល្លារអាមេរិក ក្នុងមួយហ៊ុន ខណៈដែលការរំពឹងទុកមានត្រឹមតែ ២៤,០៨ដុល្លារអាមេរិកក្នុងមួយហ៊ុនប៉ុណ្ណោះ៕