(ដតម៉ាន់)៖ Erling Haaland ខ្សែប្រយុទ្ធសំខាន់របស់ក្លិប Borussia Dortmund បានរងរបួសត្រគាកជាទម្ងន់ ហើយមិនអាចបង្ហាញខ្លួនឡើងវិញ នាពេលឆាប់ៗនេះបានឡើយ។ នេះបើតាមការផ្សាយដោយ Marca នៅថ្ងៃអង្គារ ទី២៦ ខែតុលា ឆ្នាំ២០២១។

បញ្ហារបួសត្រគាករបស់កីឡាករសញ្ជាតិន័រវេស មិនទាន់អាចកំណត់ពេលវេលាថានឹងត្រូវជាសះស្បើយវិញពេលណានោះទេ ខណៈសញ្ញាលក្ខណៈនៃរបួស ក៏មានភាពអវិជ្ជមានខ្លាំងផងដែរ។

បើតាមសារព័ត៌មានអាល្លឺម៉ង់ Bild បានរាយការណ៍ថា ខ្សែប្រយុទ្ធវ័យ ២១ឆ្នាំ នឹងអាចចូលមកប្រកួតវិញទាល់តែដល់ឆ្នាំ២០២២ ឯណោះ ដែលវាផ្តល់ផលអាក្រក់ដល់ក្លិប សម្រាប់ឱកាសប្រកួតប្រជែងពានរង្វាន់នៅរដូវកាលនេះ។

«ប្រកួតជាមួយ Ajax ថ្មីៗនេះ ប្រហែលជាការប្រកួតចុងក្រោយរបស់គាត់»។ នេះបើតាមការរំពឹងរបស់លោក Jan Aage Fjortoft នៅលើទូរទស្សន៍ន័រវេស។

សូមជម្រាបថា Haaland បានចាប់ផ្តើមបើករដូវកាលនេះយ៉ាងល្អ ដោយរកបាន ១៣គ្រាប់ និងបញ្ជូនបាល់ឲ្យគេបាន ៤ដង ក្នុងការប្រកួត ១០លើកចុងក្រោយនេះ៕