(អាមេរិក)៖ ក្រុមហ៊ុន Big Tech អាមេរិក Microsoft បានប្រកាសបង្ហាញរបាយការណ៍ហិរញ្ញវត្ថុត្រីមាសចន្លោះខែកក្កដា-កញ្ញា ឆ្នាំ២០២១ ដោយ ទទួលបានលើសពីការរំពឹងទុក និងកើនឡើងខ្ពស់បំផុតមិនធ្លាប់មានចាប់តាំងពីឆ្នាំ២០១៨មក ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១។

ពេញមួយត្រីមាសទី៣ ឬត្រីមាសចន្លោះខែកក្កដា-កញ្ញា ក្រុមហ៊ុន Microsoft ទទួលបានប្រាក់ចំណូលសរុបចំនួន ៤៥ ,៣២ពាន់លានដុល្លារ អាមេរិក ខណៈដែលស្ថាប័នវិភាគ Refinitiv បានព្យាករណ៍ថា មានចំនួនត្រឹមតែ ៤៣,៩៧ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ។ ប្រាក់ចំណូល ដែលទទួលបាននេះបើធៀបទៅនឹងឆ្នាំមុនគឺកើនឡើង ២២ភាគរយ ប៉ុន្តែបើធៀបទៅនឹងត្រីមាសមុនកើនឡើងត្រឹមតែ ២១ភាគរយប៉ុណ្ណោះ។

ជាមួយគ្នានេះផងដែរ ក្រុមហ៊ុន Microsoft ក៏បានប្រកាសឱ្យដឹងផងដែរថា នៅចន្លោះខែកក្កដា-កញ្ញាខ្លួនទទួលបានប្រាក់ចំណេញសុទ្ធ ចំនួន ២០,៥ពាន់លានដុល្លារ ដោយបានកើនឡើង ៤៨ភាគរយ បើធៀបទៅនឹងត្រីមាសដូចគ្នាកាលពីឆ្នាំមុន។

គួរបញ្ជាក់ផងដែរថា ក្នុងចំណោមអាជីវកម្មរបស់ Microsoft ទាំងអស់គឺមានតែសេវាកម្ម Cloud មួយប៉ុណ្ណោះដែលទទួលបានប្រាក់ចំណូលខ្ពស់ជាងគេនៅក្នុងត្រីមាស ចន្លោះខែកក្កដា-កញ្ញានេះ ដោយមានចំនួន ១៦,៩៦ពាន់លានដុល្លារអាមេរិក បើធៀបទៅនឹងឆ្នាំមុនកើនឡើងរហូតដល់ ៣១ភាគរយ៕