(ភ្នំពេញ)៖ ក្រុមហ៊ុន មេគង្គ លែន ឌីវេឡុបម៉ិន ឯ.ក (Mekong Land Development Co., Ltd.) ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានឈានមុខគេមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងធនាគារ ប្រេដ ប៊ែង (ខេមបូឌា) (BRED Bank Cambodia) បានសម្រេចចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការដើម្បីផ្តល់ជាកម្ចីហិរញ្ញប្បទាន ក្នុងការទិញផ្ទះជូនអតិថិជនរហូតដល់ទៅ ៨០% និងអាចរំលស់រហូតដល់ ២០ឆ្នាំ ជាមួយនឹងការប្រាក់ទាបបំផុតត្រឹមតែ ៦.៦៦% តែប៉ុណ្ណោះនៅក្នុងឆ្នាំទីមួយ។

ពិធីចុះកិច្ចសហប្រតិបត្តិការនេះ ត្រូវបានប្រារព្ធធ្វើឡើងនាព្រឹកថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២១នេះ នៅទីស្នាក់ការកណ្ដាលរបស់ធនាគារ ប្រេដ ប៊ែង (ខេមបូឌា) ក្រោមអធិបតីភាពរបស់ ឧកញ៉ា ជាម ឃុនណាត អគ្គនាយក នៃក្រុមហ៊ុន មេគង្គ លែន ឌីវេឡុបម៉ិន ឯ.ក និង លោក Guillaume Perdon នាយកប្រតិបត្តិនៃ ធនាគារ ប្រេដ ប៊ែង (ខេមបូឌា) ។

លោក Guillaume Perdon នាយកប្រតិបត្តិ នៃ ធនាគារ ប្រេដ ប៊ែង (ខេមបូឌា) បានបញ្ជាក់ថា «ធនាគារ ប្រេដ ប៊ែង (ខេមបូឌា) មានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំងចំពោះភាពជាដៃគូលើ ហិរញ្ញប្បទានផ្ទះជាមួយក្រុមហ៊ុន មេគង្គ លែន ឌីវេឡុបម៉ិន ឯ.កក្រោមលក្ខខណ្ឌពិសេសបំផុតដល់អតិថិជន។ យើងបាន សម្រិតសម្រាំងជ្រើសរើសក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ដើម្បីធ្វើជាដៃគូហិរញ្ញប្បទានផ្ទះរបស់យើងខ្ញុំ»

«ដោយមើលឃើញថា ក្រុមហ៊ុន មេគង្គ លែន ឌីវេឡុបម៉ិន ឯ.ក ជាក្រុមហ៊ុនអភិវឌ្ឍន៍ដ៏រឹងមាំ តាមរយៈស្ថាបត្យកម្ម គុណភាពសំណង់ ដែលមានទីតាំង និងបរិយាកាសល្អ ដើម្បីបំពេញតម្រូវការ និងលក្ខខណ្ឌរស់នៅដ៏ស៊ីវិល័យរបស់ អតិថិជន។ ខ្ញុំជឿជាក់ថា ភាពជាដៃគូនេះ នឹងនាំមកជូនយើងទាំងអស់គ្នានូវអត្ថប្រយោជន៍សម្រាប់ទាំងធនាគារ ប្រេដ ប៊ែង (ខេមបូឌា) ទាំងក្រុមហ៊ុន មេគង្គ លែន ឌីវេឡុបម៉ិន ឯ.ក និងអតិថិជន»។ លោក Guillaume Perdon បាននិយាយបន្ថែម។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន មេគង្គ លែន គឺជាក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានដែលមានម៉ូតផ្ទះស្អាតដាច់គេ និងគុណភាព ឈានមុខគេមួយក្នុងវិស័យអចលនទ្រព្យនៃព្រះរាជាណាចក្រកម្ពុជា សព្វថ្ងៃក្រុមហ៊ុនកំពុងអភិវឌ្ឍន៍គម្រោងធំៗចំនួនពីរ នោះគឺគម្រោង ហ្គោលឌិន អាវិននូ ដែលមានទីតាំងស្ថិតនៅលើផ្លូវ២០១១ និង គម្រោង មេគង្គ ស៊ីធី ស្ថិតលើផ្លូវជាតិ៦អា៕