(អាមេរិក)៖ តារាចម្រៀងជើងចាស់ល្បីឈ្មោះ ជនជាតិកាណាដា លោកស្រី Celine Dion ដែលទស្សនិកជនភាគច្រើនបានស្គាល់ តាមរយៈការបកស្រាយបទចម្រៀង «My Heart Will Go On» បានបង្ហាញទៅកាន់អ្នកគាំទ្រ ពីការខូចចិត្តជាខ្លាំង និងរឿងរ៉ាវលំបាកមួយចំនួនដែលខ្លួនកំពុងជួបប្រទះ ជាពិសេសគម្រោងការប្រគំតន្រ្តីសម្រាប់ចុងឆ្នាំនេះ ដែលលោកស្រី និងក្រុមការងារខិតខំ ចំណេញពេលវេលាគិតគូអស់រយៈពេលជិត១ឆ្នាំ ត្រូវបានលុបចោលមួយរំពេច ព្រោះតែជំងឺប្រចាំកាយធ្វើទុក្ខខ្លាំង។ នេះបើតាមការចេញផ្សាយ របស់សរព័ត៌មាន Yahoo នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១។

លោកស្រី Celine Dion វ័យ៥៣ឆ្នាំ បានប្រកាសនៅលើបណ្តាញសង្គម Instagram របស់ខ្លួនថ្មីៗនេះថា លោកស្រីត្រូវបង្ខំចិត្តពន្យារពេលរៀបចំព្រឹត្តិការណ៍ប្រគំតន្រ្តី ថ្មីរបស់លោកស្រីភ្លាមៗ ដោយសារតែបញ្ហាជំងឺរ៉ាំរ៉ៃកំពុងធ្វើទុក្ខខ្លាំង ពោលគឺលោកស្រីមានជំងឺរមួលសាច់ដុំធ្ងន់ធ្ងរ ដែលជាឧបសគ្គដ៏ធំមិនអាចឲ្យលោកស្រីធ្វើសកម្មភាពច្រៀង និងសម្តែងលើឆាកបាន។

ខ្លឹមសារដែលលោកស្រី បានប្រកាសប្រាប់ដល់អ្នកគាំទ្រពីការខកខាននេះ គឺយ៉ាងដូច្នេះថា «រឿងនេះ គឺបានធ្វើឲ្យរូបខ្ញុំមានការខូចចិត្តជាខ្លាំង។ ក្រុមការងាររបស់ខ្ញុំ និងខ្ញុំផ្ទាល់បានខិតខំព្យាយាមធ្វើការងារជាច្រើន ដើម្បីកម្មវិធីប្រគំតន្ត្រីថ្មីរបស់យើង ដែលចំណាយពេល៨ខែកន្លងមកហើយ និងគ្រោងរៀបចំឡើងនៅខែវិច្ឆិកាខាងមុខនេះ។ តែជាអកុសល បែរជាមិនអាចដំណើរការទៅបានដែលធ្វើឲ្យខ្ញុំរកពាក្យអ្វីមកថ្លែងជំនួស ឲ្យការសោកស្តាយមិនបាននោះទេ...»

ម្ចាស់ពានរង្វាន់ Grammy រូបនេះបានបន្តថា «ខ្ញុំពិបាកចិត្តណាស់ ដែលខ្ញុំធ្វើឲ្យក្រុមការងារពិបាក ហើយខ្ញុំក៏សុំទោសទៅកាន់បណ្តាអ្នកគាំទ្រ ដែលធ្វើឲ្យអ្នកខកខានចំពោះផែនការមកកាន់ទីក្រុង Las Vegas សម្រាប់ទស្សនាការប្រគំតន្រ្តី។ ពេលនេះខ្ញុំចាំបាច់ត្រូវផ្តោតលើការព្យាបាលឲ្យបានធូរស្បើយជាមុនសិន...ខ្ញុំចង់ឆ្លងកាត់ដំណាក់កាលដ៏អាក្រក់មួយនេះ ឲ្យបានក្នុងពេលឆាប់ៗ»

គួរជម្រាបថា បញ្ហាជំងឺរមួលសាច់ដុំធ្ងន់ធ្ងររបស់តារាចម្រៀង Celine Dion គឺបានធ្វើឲ្យលោកស្រីមិនអាចធ្វើសកម្មភាពអ្វីបាននោះទេ ជាពិសេសសកម្មភាពហាត់សមផ្នែកសិល្បៈ នៅលើឆាករឹតតែមិនបានទៀត ជាហេតុធ្វើឲ្យគម្រោងប្រគំតន្រ្តីនៅចុងឆ្នាំនេះរបស់លោកស្រី ដែលគ្រោងធ្វើនៅទីក្រុង Las Vegas ត្រូវលុបចោលភ្លាមៗតែម្តង៕