(ក្រុងឡុងដ៍)៖ លោក Ryan Taylor ដែលជាអតីតកីឡាកររបស់ Newcastle United បានជំរុញឲ្យក្លិបនេះតែងតាំងលោក Steven Gerrard ជាអ្នកចាត់ការទូទៅថ្មី ដែលកំពុងស្ថិតនៅលេខរៀងទី២ រាប់ពីបាតតារាងបណ្តោះអាសន្ន ក្នុងក្របខណ្ឌកំពូលអង់គ្លេស Premier Laegue។

អ្នកចាត់ការទូទៅថ្មីមិនទាន់ត្រូវបានប្រកាសទេ តាំងពីការចាកចេញរបស់លោក Steve Bruce កាលពីសប្តាហ៍មុន ដោយសាររងសម្ពាធខ្លាំងពេក។ ហេតុនេះហើយ វាបណ្តាលឲ្យមានរឿងច្រើនណាស់ដែលត្រូវយកមកវែកញែកថា នរណាស័ក្តិសមនឹងទទួលបានតំណែងនេះ ក្រោយក្លិបសារិកាព្រៃ ត្រូវបានលក់ទៅឲ្យមូលនិធិអារ៉ាប់ប៊ីសាអ៊ូឌីតនាខែមុន។

ដោយសារតែចំណាត់ថ្នាក់របស់ក្លិប Newcastle ក្នុងតារាងបណ្តោះអាសន្នរបស់ Premier League មានស្ថានភាពមិនល្អ ហេតុនេះហើយពួកគេត្រូវតែជ្រើសរើសអ្នកគ្រប់គ្រងដ៏ល្អម្នាក់។ នៅក្នុងក្រសែភ្នែករបស់ Taylor គឺលោក Gerrard ដែលកំពុងដឹកនាំក្លិប Rangers គួរតែជាគោលដៅចម្បងនៃការយកមកដឹកនាំក្លិប។

លោក Taylor បានបញ្ជាក់ប្រាប់ Sky Sports យ៉ាងដូច្នេះថា «ខ្ញុំចង់ឃើញ Steven Gerrard មកទទួលបន្ទុកដឹកនាំ Newcastle។ គាត់ធ្លាប់ជាអ្នកលេងបាល់ដ៏ល្អ គាត់ដឹងពីនរណាជាកីឡាករល្អផងដែរ ហើយខ្ញុំគិតថា គាត់ដឹកនាំបានល្អណាស់នៅក្លិប Rangers។ បើសិនជាក្លិបចង់បានគាត់ នោះវានឹងក្លាយជាជំហានដ៏ល្អ ហើយជាអ្វីដែលក្លិបចង់ឃើញការរីកចម្រើននាពេលអនាគត»

សូមជម្រាបថា លោក Frank Lampard អតីតអ្នកចាត់ការទូទៅរបស់ក្លិបតោខៀវ Chelsea គឺជាគោលដៅដ៏ធំរបស់ក្លិប Newcastle United ហើយលោក Brendan Rodgers គ្រូបង្វឹកក្លិប Leicester City និង Graham Potter កំពុងដឹកនាំក្លិប Brighton ក៏ស្ថិតនៅក្នុងបញ្ជីឈ្មោះ ជាទីចាប់អារម្មណ៍របស់ក្លិបសារិកាព្រៃផងដែរ៕