(ភ្នំពេញ)៖ ធនាគារ អេស៊ីលីដា ដែលជាធនាគារពាណិជ្ជដ៏ធំជាងគេមួយ នៅកម្ពុជាថ្មីៗនេះ បានសម្រេចដាក់ឲ្យដំណើរការ នូវសេវាទូទាត់តាម KHQR Code ដែលជាគំនិតផ្ដួចផ្ដើមរបស់ថ្នាក់ដឹកនាំ របស់ធនាគារជាតិនៃកម្ពុជា ដើម្បីអនុញ្ញាតឲ្យមានការទូទាត់កាន់តែងាយស្រួលបំផុត ពិសេសអាចស្កែន QR Code ធនាគារផ្សេងៗ ដើម្បីធ្វើការទូទាត់ថ្លៃទំនិញ និងសេវាកម្មផ្សេងៗក៏បាន។

អ្វីដែលពិសេសជាងនេះទៅទៀតនោះ តាមរយៈអេស៊ីលីដាម៉ូបាល ការទូទាត់ KHQR Code នេះ អ្នកប្រើប្រាស់ ក៏អាចធ្វើការស្កែនទូទាត់ឆ្លង នៅក្នុងប្រទេសថៃ បានផងដែរ។ គឺជាស្តង់ដារឃ្យូអរកូដតែមួយ សម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ដាក់ឲ្យអតិថិជនប្រើប្រាស់ ដើម្បីការទូទាត់ថ្លៃទំនិញ និងសេវាកម្មផ្សេងៗ។

លោកស្រី សុខ សោភា នាយិកាប្រតិបត្តិជាន់ខ្ពស់ទីផ្សារ នៃធនាគារអេស៊ីលីដា បានបញ្ជាក់ថា តាមរយៈការស្កែន KHQR Code នេះ ជាមួយនឹងអេស៊ីលីដាម៉ូបាល អ្នកប្រើប្រាស់មិនត្រឹមតែ អាចធ្វើការទូទាត់បាន នៅទូទាំងប្រទេសកម្ពុជាប៉ុណ្ណោះទេ ថែមទាំងអាចស្កែន KHQR Code នេះ សម្រាប់ការទូទាត់នៅក្រៅប្រទេស ដូចជាប្រទេសថៃជាដើម ហើយក៏អាចស្កែនជាមួយ VISA QR Code ជាអន្តរជាតិផងដែរ។

KHQR Code ត្រូវបានបង្កើតឡើងក្រោមគំនិតផ្ដួចផ្ដើម របស់ថ្នាក់ដឹកនាំធនាគារជាតិ ហើយធនាគារជាតិ ក៏បានដាក់ចេញនូវសេចក្ដីប្រកាស ស្ដីពីគំរូបរិច្ឆិនភាព បច្ចេកទេស KHQR Code នេះ សម្រាប់ការទូទាំងតាំងពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ មកម្ល៉េះ។ ការដាក់ឲ្យដំណើរការ សេវាទូទាត់តាម KHQR Code នេះ នឹងចូលរួមលើកកម្ពស់នវានុវត្តន៍ប្រព័ន្ធទូទាត់សងប្រាក់ ជំរុញបរិយាបន្នហិរញ្ញវត្ថុ សម្រួលប្រតិបត្តិការ ទូទាត់ឆ្លងគ្រឹះស្ថាន កាត់បន្ថយចំណាយប្រតិបត្តិការ និងពង្រីកសុវត្ថិភាពប្រព័ន្ធទូទាត់សងប្រាក់ នៅក្នុងប្រទេសកម្ពុជា៕