(អាមេរិក)៖ ក្រុមហ៊ុន General Motors (GM) បានប្រកាសថា ខ្លួននឹងធ្វើការជាមួយបណ្តាញអ្នកចែកចាយដើម្បីជួយជំរុញការដំឡើង ឆ្នាំងសាកថ្មរថយន្តអគ្គិសនី (EV) ចំនួន ៤០,០០០កន្លែង នៅសហរដ្ឋអាមេរិក ហើយក៏នឹងចាប់ផ្តើមលក់ឆ្នាំងសាកថ្ម ម៉ាក Ultium Level 2 សម្រាប់អ្នកប្រើប្រាស់ក្នុងផ្ទះ ឬអាជីវកម្ម។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Verge នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រុមហ៊ុន GM បានបង្ហាញសង្ឃឹមថា គម្រោងថ្មីនេះ នឹងជំរុញឱ្យមានការបង្កើតស្ថានីយ៍សាកថ្មរថយន្តអគ្គិសនី នៅក្នុងតំបន់ដែលខ្វះខាតក្នុងទីក្រុង និងជនបទ។

តាមរយៈគម្រោងនេះផងដែរ ក្រុមហ៊ុនផលិតរថយន្តដ៏ធំមួយនេះនឹងផ្តល់ឱ្យអ្នកចែកបៀនីមួយៗនូវឆ្នាំងសាកថ្ម ម៉ាក Ultium Level 2 ចំនួន១០ ដើម្បីដំឡើងទូទាំងសហគមន៍របស់ពួកគេ ប៉ុន្តែក្រុមហ៊ុនមិនមានគម្រោងឱ្យបង់ប្រាក់សម្រាប់ឆ្នាំងសាកថ្មទាំង ៤០,០០០កន្លែងនពទេ ផ្ទុយទៅវិញ GM នឹងធ្វើការជាមួយឈ្មួញ និងអ្នកដឹកនាំសហគមន៍ដើម្បីស្វែងរកហិរញ្ញប្បទានមួយដ៏សមស្រប។

គម្រោងនេះនឹងចាប់ផ្ដើមនៅឆ្នាំ២០២២ ដែលជាផ្នែកមួយនៃការប្ដេជ្ញាចិត្តរបស់ GM ក្នុងការចំណាយប្រាក់រហូតដល់ ៧៥០លានដុល្លារអាមេរិក ដើម្បីបង្កើតហេដ្ឋារចនាសម្ព័ន្ធឆ្នាំងសាកថ្មរថយន្តអគ្គីសនី ខណៈដែលក្រុមហ៊ុន Tesla និង Volkswagen បានចំណាយប្រាក់រាប់ពាន់លាន ដុល្លារអាមេរិកដើម្បីបង្កើតបណ្ដាញឆ្នាំងសាកថ្ម រថយន្តអគ្គីសនីជាសាធារណៈនៅជុំវិញពិភពលោក។

លោក Alex Keros ប្រធានគ្រប់គ្រង និងដឹកនាំកិច្ចការងារហេដ្ឋារចនាសម្ព័ន្ធរថយន្តអគ្គីសនីរបស់ក្រុមហ៊ុន GM បានថ្លែងឱ្យដឹងថា GM បានគិតពី ចំណុចតូចៗ ព្រោះថាបើសិនជានៅក្នុងសហគមន៍មានឆ្នាំងសាកថ្មរថយន្តអគ្គិសនីស្ទើរគ្រប់ទីកន្លែង នោះការរស់នៅរបស់ពួកគេអាចនឹងងាយស្រួល ដោយមិនចាំបាច់បារម្ភច្រើន ហើយវាក៏មិនមែនតែដើម្បីអតិថិជន GM ផងដែរ។

គួរបញ្ជាក់ផងដែរថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden ថ្មីៗនេះបានអនុម័តកញ្ចប់ថវិកា ២ពាន់ពាន់លានដុល្លារអាមេរិកសម្រាប់ហេដ្ឋារចនាសម្ព័ន្ធ ដោយក្នុងនោះមាន ១៧៤ពាន់លានដុល្លារអាមេរិកសម្រាប់បម្រុងទុកប្រើ ជាមួយ រថយន្តអគ្គិសនី ដោយលោកមានបំណងចង់ពង្រីកទីតាំងសាកថ្មរថយន្តអគ្គិសនីថ្មីឱ្យបាន ៥០០,០០០កន្លែងនៅឆ្នាំ២០៣០ ដែលស្មើនឹង ១១ដង នៃទីតាំងដែលមាននាពេលបច្ចុប្បន្ន៕