(ភ្នំពេញ)៖ សារព័ត៌មានកីឡាដ៏ល្បីមួយរបស់ថៃ (www.siamsport.co.th) បានកាត់នូវវីដេអូសង្ខេបនៃជំនួបរវាងក្រុមជម្រើសជាតិ U23 កម្ពុជា និងជប៉ុន ហើយបានសម្ដែងការភ្ញាក់ផ្អើលជាខ្លាំង ចំពោះទម្រង់លេងរបស់ក្រុមគោព្រៃជំទង់កម្ពុជា ដែលមិនខ្លាចក្រុមយក្សអាស៊ី តាមរយៈការហ៊ានលេងបាល់ប៉ះយ៉ាងល្អ ក្នុងវគ្គជម្រុះពានរង្វាន់ AFC U23 Asian Cup 2022 នៅប្រទេសជប៉ុនកាលពីម្សិលមិញ។

ក្នុងវីដេអូរយៈពេលជិត ៣នាទីដែលសារព័ត៌មានខាងលើបានបង្ហោះលើ Page របស់ខ្លួន ពួកគេពុំបានផ្ដោតលើទម្រង់លេង និងការរកបានគ្រាប់បាល់របស់ក្រុមយុវជនសាំម៉ូរៃជប៉ុននោះទេ តែពួកគេចាប់អារម្មណ៍នឹងទម្រង់លេងរបស់ក្រុម U23 កម្ពុជា ដោយសរសេរបែបសរសើរថា «មិនធម្មតាទេ! កម្ពុជា U23 យុគសម័យថ្មី មិនខ្លាចយក្សអាស៊ី បង្អួតបាល់ប៉ះក្នុងការប្រកួតជាមួយ U23 ជប៉ុន ក្នុងវគ្គជម្រុះជើងឯកអាស៊ី»

ជាការពិតក្រោយបញ្ចប់ការប្រកួតនេះ អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា លោក Keisuke Honda ក៏បានលើកឡើងដែរថា «វាមិនមែនជាការប្រកួតដ៏អាក្រក់នោះទេ។ ពួកយើងបានបង្ហាញទៅពួកគេពីការលេងល្អខ្លះ»។ ចំពោះការប្រកួតនេះ ក្រុម U23 កម្ពុជា បានប្រកួតចាញ់ក្រុមម្ចាស់ផ្ទះ U23 ជប៉ុន ដោយលទ្ធផល ៤-០ ធ្វើឲ្យក្រុមគោព្រៃជំទង់កម្ពុជាឈរលេខ២ ក្នុងពូល K បណ្ដោះអាសន្ន ហើយត្រូវរង់ចាំលទ្ធផលប្រកួតបញ្ចប់ពូលរវាងជប៉ុន និងហុកុង ក៏ដូចជាការប្រកួតពូលផ្សេងៗទៀត។

តោះ! ចង់ដឹងទម្រង់លេងរបស់ក្រុមគោព្រៃជំទង់កម្ពុជា ល្អប្រសើរ ដូចការភ្ញាក់ផ្អើលរបស់សារព័ត៌មានកីឡាថៃយ៉ាងណា សូមទស្សនាវីដេអូខាងក្រោមនេះ ទាំងអស់គ្នា៖