(ភ្នំពេញ)៖ តារាសម្ដែងតួឯកប្រុសក្នុងភាពយន្តថ្មីរឿង «កំណួចបេះដូង» លោក ចូអ៉ី បានបង្ហាញអារម្មណ៍ពិតរបស់លោក ដោយឥតលាក់លៀមថា លោកពិតជាចាប់ចិត្តចាប់អារម្មណ៍លើតួឯកស្រី គឺកញ្ញាសីសី ទាំងក្នុងសាច់រឿង និងក្រៅសាច់រឿង ហើយប្រសិនបើមានឱកាស លោកនឹងប្រើពេលវេលាស្វែងយល់ចិត្តគ្នា ឲ្យបានស៉ីជម្រៅជាងនេះបន្ថែមទៀត ដើម្បីបើកផ្លូវសាងអនាគតជាមួយគ្នាផងដែរ។

ថ្លែងប្រាប់ Fresh News Plus អតីត Freshie លេខ១កាលពីឆ្នាំ២០១២ ជំនាន់ទី១៣ លោកចូអ៉ី (Joey) បានប្រាប់ឲ្យដឹងថា ក្រៅពីសម្ដែងស៊ីចង្វាក់គ្នា ជាមួយតួស្រីស្រស់ សីសី យ៉ាងយល់ចិត្តគ្នាហើយនោះ លោកក៏ទទួលបានបទពិសោធន៍ និងការណែនាំច្រើនពីនាងមកដែរ។ ដោយចូលចិត្តនិយាយត្រង់ៗលោក ចូអ៊ី ថាពិតជាមានអារម្មណ៍ជាប់ចិត្តជាមួយនាង សីសី ទាំងនៅក្នុង និងក្រៅឆាកមែន ព្រោះនាងជាមនុស្សរួសរាយ និងគួរឲ្យស្រឡាញ់។ បុរសរូបសង្ហារចូអ៉ី ថ្លែងថា ការរួមការងារជាមួយផលិតកម្មសហប្រាំពីរ គឺដោយរលូនល្អសម្រាប់ដំណើរការថតភាពយន្ដមួយនេះ តាំងពីដើមដល់ចប់។

តារាសម្ដែងរូបនេះបន្ថែមថា ក្រោយជាប់ Freshie លោកបានផ្អាកពីសិល្បៈមួយរយៈ ហើយទើបតែនៅឆ្នាំ២០១៨ លោកបានវិលមកថតភាពយន្ដសារជាថ្មីបាន៤ ទៅ៥រឿង ហើយដែលក្នុងនោះលេងតួឯកស្ទើរគ្រប់រឿងតែម្ដង។

ដោយឡែកស្រីស្រស់ សីសី វិញបានតបវិញថា នាងពិតជាមានភាពរីករាយ ដែលបានសម្ដែងជាតួឯកជាមួយប្រុសរូបសង្ហារ ចូអ៉ី ហើយគិតថានេះជាដៃគូដ៏ល្អសម្រាប់រូបនាង បើទោះជាទើបបានសម្ដែង ជាមួយគ្នាលើកទី១ក្ដី។ សីសី សារភាពថាពិតជាមានឈុតឆាកស្នេហាជាមួយតួប្រុសមែន តែមិនរោលរាលខ្លាំងទេ ហើយការសម្ដែងទាំងរូបនាង និងលោកចូអ៉ី ដាក់អារម្មណ៍ទៅតាមសាច់រឿង និងធ្វើតាមអ្នកដឹកនាំ។ តែចំពោះរឿងថា តួប្រុសជាប់ចិត្តនាងនៅក្រៅឆាកនោះ នាងក៏មិនដឹងថាអារម្មណ៍ប្រុសស្អាតគិតអ្វីដែរ។

រឿង «កំណួចបេះដូង» ត្រូវបានដាក់បញ្ចាំងនៅទូរទស្សន៍ប៉ុស្ដិ៍លេខ៥ ចាប់ពីរាត្រី ថ្ងៃទី២៦ខែតុលាតទៅ ហើយក្រៅពីលោកចូអ៉ី និងសីសី ជាតួឯកនោះ ភាពយន្ដមួយនេះប្រជុំទៅដោយ តារាសម្ដែងល្បីឈ្មោះជាច្រើនដួងទៀតចូលរួមសម្ដែង ទើបធ្វើឲ្យសាច់រឿងកាន់តែមានភាពទាក់ទាញ និងរស់រវើក។ លោកចូអ៊ី និងកញ្ញាសីសី បានផ្ដាំទៅ Fan របស់ពួកគេថា សូមឲ្យបងប្អូនទាំងអស់គ្នាជួយគាំទ្រភាពយន្ដខ្មែរ រឿង «កំណួចបេះដូង» នេះផង ដើម្បីលើកស្ទួយវិស័យភាពយន្ដខ្មែរឲ្យស្ទុះទៅមុខ និងជាកំលាំងចិត្ត ដល់ផលិតករខ្មែរយើងទាំងអស់គ្នា។

អតីត Freshie លេខ១ កាលពីឆ្នាំ២០១២ ជំនាន់ទី១៣ លោកចូអ៊ី (Joey) បានលេចមុខគ្រងតំណែងជាតួឯករឿង «កំណួចបេះដូង» របស់ផលិតកម្មសហប្រាំពីរ សហការជាមួយប៉ុស្ដិ៍លេខ៥ ដែលបានធ្វើពិធីសម្ពោធ និងដាក់បញ្ចាំងខ្សែភាពយន្ដមួយនេះ កាលពីល្ងាចថ្ងៃទី ២៦ខែតុលា ឆ្នាំ២០២១ នៅបរិវេណផ្សារ Eden (បឹងកក់)៕