(ម៉ាទ្រីដ)៖ គ្រូបង្គោល FC Barcelona លោក Ronald Koeman បានទទួលនូវការបរាជ័យមួយទៀត ត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ មុនពេលការប្រកួតលីគ La Liga នៃក្រុមរបស់លោក ដែលត្រូវធ្វើដំណើរទៅប៉ះក្រុម Rayo Vallecano នៅថ្ងៃពុធនេះ, ជាមួយនឹងព័ត៌មានថា កីឡាករខ្សែប្រយុទ្ធ Ansu Fati ត្រូវដកចេញពីក្រុម ដោយសារបញ្ហារបួសជង្គង់, នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនាយប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១នេះ។

កីឡាករវ័យ១៨ឆ្នាំរូបនេះ ទើបតែវិលត្រឡប់ទៅចូលក្នុងក្រុមជម្រើសដំបូង របស់ក្លិប FC Barcelona បន្ទាប់ពីអវត្តមានជិត១ឆ្នាំ ដោយសាររបួសជង្គង់ខាងឆ្វេង ដែលត្រូវការការវះកាត់៤ដង ដើម្បីឲ្យជាសះស្បើយ។

ឥឡូវនេះ លោកមានបញ្ហា នៅជង្គង់ខាងស្តាំរបស់លោក ដែលបានទទួលរងរបួស ក្នុងការប្រកួតចាញ់ក្នុងលទ្ធផល២-១ កាលពីថ្ងៃអាទិត្យសប្តាហ៍មុន ក្រោមថ្វីជើងក្រុម Real Madrid។

ក្លិប បានបដិសេធ ប្រាប់ពីរយៈពេលដែលកីឡាករខ្សែប្រយុទ្ធរូបនេះ នឹងត្រូវអវត្តមាន, ដោយគ្រាន់តែបញ្ជាក់ថា «លោកមិនអាចចូលលេងបានទេ ហើយការជាសះស្បើយរបស់លោក នឹងបង្ហាញនៅពេលលោកវិលត្រឡប់មកវិញ»