(ប៊ែកឡាំង)៖ Bayern Munich ដែលធ្វើបានល្អនៅ Bundesliga និង UCL នោះ បានហាលអាវពីពានកម្រិតទី២ German Cup របស់អាល្លឺម៉ង់ហើយ នៅពេលចាញ់ Borussia Monchengladbach ក្នុងលទ្ធផល ៥-០ នៃជុំទី២ ឆ្លងចូលរាត្រីថ្ងៃព្រហស្បតិ៍ ទី២៨ ខែតុលា ឆ្នាំ២០២១ (ម៉ោងនៅកម្ពុជា)។

លទ្ធផលចាញ់ដល់ទៅ ៥ទល់នឹង០ នេះបានធ្វើឲ្យ Bayern Munich មានរយៈពេល ៤៣ឆ្នាំមកហើយ គិតចាប់ពីឆ្នាំ១៩៧៨ មកនៅពេលចាញ់គូប្រជែង Fortuna Dusseldorf ៧-១ នៅ Bundesliga និងកំណត់ត្រាចាញ់ Schalke 04 ក្នុងលទ្ធផល ៧-០ ក្នុងលីគកាលឆ្នាំ១៩៧៦។

អ្នកចាត់ការទូទៅក្លិប លោក Julian Nagelsmann មិនបានដឹកនាំក្រុមដោយផ្ទាល់នោះទេ ដោយលោកសម្រាកព្យាបាលនៅផ្ទះព្យាបាលជំងឺ Covid-19 ដែលបានឆ្លងកាលសប្តាហ៍មុន។

Gladbach ដែលកំពុងដឹកនាំដោយលោក Adi Hutter កំពុងឈរនៅពាក់កណ្តាលតារាង Bundesliga ក្រោយលេងចាញ់ ៤ប្រកួត ក្នុងចំណោម ៨ប្រកួតចុងក្រោយរបស់ពួកគេ តែធ្វើបានល្អវិញនៅពេលប៉ះក្រុមខ្លាំង Bayern Munich និងទទួលបានកៅអី១ ផងដែរឡើងទៅជុំទី៣ បន្តទៀត៕