(ភ្នំពេញ)៖ កាលពីឆ្នាំមុន រហូតមកដល់ពេលនេះ ដូចដែលយើងបានដឹងហើយថា ពិភពលោកយើង បានផ្លាស់ប្តូរ ដោយសារជំងឺរាតត្បាត បានកំណត់បញ្ហាប្រឈម ជាច្រើនសម្រាប់មនុស្ស, ប៉ុន្តែតម្រូវការឈាមនៅតែត្រូវការមិនដែលឈប់ទេ។

ឈាមគឺជាតម្រូវការចាំបាច់ ដើម្បីជួយសង្គ្រោះជីវិតមនុស្សក្នុងគ្រាមានអាសន្ន និងអាចជួយដល់អាយុជីវិត អ្នកដែលមានលក្ខខណ្ឌវេជ្ជសាស្ត្រ និងជំងឺហូរឈាម ក៏ដូចជាអ្នកជំងឺដែលកំពុងទទួលការវះកាត់ធំៗ។

រៀងរាល់ម៉ោងក្នុងមួយថ្ងៃ ឈាមត្រូវបានប្រើប្រាស់ក្នុងប្រទេសកម្ពុជាជាច្រើន ដើម្បីជួយសង្គ្រោះអ្នកជំងឺពីគ្រោះថ្នាក់ចរាចរណ៍ និងការវះកាត់ផ្សេងៗ។ សម្រាប់អ្នកជំងឺជាច្រើន, អ្នកបរិច្ចាគឈាមគឺជាខ្សែជីវិតរបស់ពួកគេ។ ឈាមដែលអ្នកបានបរិច្ចាគម្តងអាចជួយសង្គ្រោះជីវិតមនុស្សបានបីនាក់នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ ដើម្បីឆ្លើយតបទៅនឹងការធ្លាក់ចុះ នៃការផ្គត់ផ្គង់ឈាមសម្រាប់ជាតិ ដែលមាននៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន TF Motors Cambodia ដែលជាក្រុមហ៊ុនធំ ចែកចាយផ្តាច់មុខនៃម៉ាករថយន្តល្បីៗដូចជា៖ រថយន្ត MG, រថយន្ត Maxus និង ម៉ូតូ Royal Enfield បានជួយដល់មជ្ឈមណ្ឌល ជាតិផ្តល់ឈាមកម្ពុជា ដោយការរៀបចំកម្មវិធីបរិច្ចាគឈាម ក្រោមបេសកកម្ម «យើងបានបរិច្ចាគឈាមដើម្បីជួយសង្គ្រោះជិវិតមនុស្ស» និងដើម្បីលើកទឹកចិត្ត បុគ្គលិករបស់ពួកគេឲ្យក្លាយជាពលរដ្ឋល្អ ដែលមានការទទួលខុសត្រូវ។

កម្មវិធីបរិច្ចាគនេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងបង្កើនការយល់ដឹង និងផ្តល់ឱកាសសម្រាប់ការបរិច្ចាគឈាមពីបុគ្គលិកស្ម័គ្រចិត្ត ហើយសកម្មភាពនេះ បានបង្ហាញពីទំនាក់ទំនងល្អ យ៉ាងរឹងមាំរបស់ក្រុមបុគ្គលិករបស់ពួកគេ។

លោក ពុំ សូរិយា នាយកគ្រប់គ្រងក្រុមហ៊ុន TF Motors Cambodia បានថ្លែងថា «យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះបុគ្គលិកស្ម័គ្រចិត្ត ទាំងអស់របស់ពួកយើង ដែលបានផ្តល់នូវទឹកចិត្តដ៏ល្អ ដើម្បីបន្តជួយសង្គ្រោះជីវិតប្រជាជនកម្ពុជា ហើយនេះគឺជាអំណោយ៉ាងកក់ក្តៅបំផុតសម្រាប់ប្រជាជនកម្ពុជា ដែលត្រូវការសង្គ្រោះបន្ទាន់។ នេះក៏បានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ ក្នុងការគាំទ្រ និងជួយដល់សង្គមកម្ពុជាពីបុគ្គលិករបស់ TF Motors ផងដែរ»

លោកបន្ដថា «យើងសង្ឃឹមថា អំណោយនេះ នឹងជួយដល់សង្គមបានច្រើន និងជាការបង្ហាញគំរូដ៏ល្អរបស់យើង ដល់មនុស្សជំនាន់ក្រោយអំពីរបៀប ដែលយើងអាចជួយសង្គមបាន និងជាពិសេសការចេះជួយគ្នាទៅវិញទៅមកក្នុងគ្រាមានអាសន្ន»