(អាមេរិក)៖ តម្លៃភាគហ៊ុនរបស់ Twitter បានកើនឡើងប្រហែល ៤ភាគរយភ្លាមៗ បន្ទាប់ពីបណ្ដាញសង្គមអាមេរិកមួយនេះ បានបង្ហាញរបាយការណ៍ពីប្រាក់ចំណូលនៅត្រីមាសទីបី ដោយទទួលបានដូចការរំពឹងទុករបស់អ្នកវិភាគសម្រាប់ប្រាក់ចំណូល និងកំណើនអ្នកប្រើប្រាស់។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ បាន ឱ្យដឹងថា ប្រាក់ចំណូលនៅត្រីមាសទី៣របស់ Twitter មានចំនួន ១,២៨៤ពាន់លានដុល្លារអាមេរិក ខណៈដែលអ្នកវិភាគបានប៉ាន់ប្រមាណថានឹងទទួលបាន ១,២៨៥ពាន់លានដុល្លារអាមេរិក។ ប្រាក់ចំណូលនៅត្រីមាសទី៣នេះ បើធៀបទៅនឹងឆ្នាំមុនកើនឡើង ៣៧ភាគរយ។

ក្រុមហ៊ុន Twitter មិនបានបង្ហាញតួលេខអ្នកប្រើប្រាស់ប្រចាំថ្ងៃនោះទេ ប៉ុន្តែស្ថាប័ន StreetAccount បានបង្ហាញថា បច្ចុប្បន្នអ្នកប្រើប្រាស់ប្រចាំថ្ងៃ របស់ Twitter មានចំនួន ២១១លាននាក់ ដោយបានកើនឡើងចំនួន ៥លាននាក់ពីត្រីមាសទី២។

អ្វីដែលធ្វើឱ្យ Twitter មានការសប្បាយរីករាយបំផុតនោះគឺថា ប្រាក់ចំណូលបានមកពីការផ្សព្វផ្សាយពាណិជ្ជកម្មបានកើនឡើងរហូតដល់ ៤១ភាគរយ និងមានចំនួន ១,១៤ពាន់លានដុល្លារអាមេរិក៕