(ថៃ)៖ រដ្ឋាភិបាលថៃគ្រោងចំណាយប្រាក់ចំនួន ៣លានដុល្លារអាមេរិក ដើម្បីអញ្ជើញតារាចម្រៀងល្បីក្នុងក្រុម BLACKPINK គឺ Lisa ដែលមានដើមកំណើតជាជនជាតិថៃ និងតារាចម្រៀងអ៊ីតាលីម្នាក់ គឺលោក Andrea Bocelli មកសម្តែងក្នុងកម្មវិធីប្រគំតន្ត្រី ចូលឆ្នាំសាកល នៅកោះភូកេត ចុងឆ្នាំនេះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Bangkok Post។

ជុំវិញដំណឹងនេះ ក៏មានសេចក្តីរាយការណ៍មកថា តារាចម្រៀងវ័យ៦៣ឆ្នាំ របស់អ៊ីតាលី គឺលោក Andrea Bocelli គឺបានបញ្ជាក់រួចរាល់ហើយថា លោកនឹងបានចូលរួមក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រី ឆ្លងឆ្នាំ នៅកោះភូកេត ប្រទេសថៃ ខណៈតារាចម្រៀងល្បី ក្នុងក្រុម K-POP គឺ Lisa មិនទាន់បានបញ្ជាក់នោះឡើយ ព្រោះថានាងមានកាវិភាគដ៏មមាញឹក ដូច្នេះត្រូវពិនិត្យឡើងវិញសិន មុននឹងសម្រេច។

ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងអ្នកពាក់ព័ន្ធផ្នែកទេសចរណ៍របស់ថៃ នឹងធ្វើការជាមួយស្ថានទូតកូរ៉េ ប្រចាំប្រទេសថៃ ដើម្បីសម្របសម្រួលក្នុងការអញ្ជើញ Lisa មកចូលរួម ក្នុងនាមជាភ្ញៀវរបស់រដ្ឋាភិបាល ខណៈខ្ទង់ចំណាយសម្រាប់ការអញ្ជើញតារាចម្រៀងទាំងពីរឲ្យចូលរួម គឺខ្ទង់ ៣លានដុល្លារអាមេរិក។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡារបស់ថៃ គឺលោក Phiphat Ratchakitprakarn បានលើកឡើងថា មូលហេតុចម្បងនៃការអញ្ជើញតារាចម្រៀងល្បីលំដាប់ពិភពលោកទាំងពីរ ដើម្បីចូលរួមអបអរ កម្មវិធីឆ្លងឆ្នាំសាកលនេះ គឺដើម្បីប្រាប់ទៅកាន់ពិភពលោកថា ប្រទេសថៃ គឺត្រៀមបានរួចរាល់ក្នុងការបើកឡើងវិញនូវវិស័យទេសចរណ៍ ក្នុងឆ្នាំ២០២២។

គួរជម្រាបថា ដើម្បីស្រោចស្រង់វិស័យទេសចរណ៍ ដែលជាដង្ហើមសេដ្ឋកិច្ចដ៏សំខាន់របស់ថៃ ចាប់ពីថ្ងៃទី ១កក្កដា កន្លងទៅនេះ អាជ្ញាធរថៃបានបើកកោះភូកេត ដែលជាកោះទេសចរណ៍ដ៏ល្បីមួយរបស់ខ្លួនឡើងវិញ ដើម្បីទទួលភ្ញៀវទេសចរណ៍បរទេស ដោយមិនមានកាតព្វកិច្ចត្រូវធ្វើចត្តាឡីស័កទេ ប៉ុន្តែត្រូវតែបានទទួលការចាក់វ៉ាក់សាំង រួចរាល់ទាំង២ដូស។ វិស័យទេសចរណ៍ មានចំណែក១ភាគ៥នៃទំហំសេដ្ឋកិច្ចថៃ។ មុនមានវិបត្តិកូវីដ ១៩ មានទេសចរណ៍បរទេសចំនួន ប្រមាណ ៤០លាននាក់ មកលេងនៅថៃជារៀងរាល់ឆ្នាំ៕