(អាមេរិក)៖ ប្រធានគ្រប់គ្រងកម្មវិធីស្បៀងអាហារពិភពលោកនៃអង្គការសហប្រជាជាតិ បានធ្វើការលើកឡើងថា ប្រសិនបើក្រុមកំពូលមហាសេដ្ឋីមួយភាគតូច ធ្វើការចែករំលែកទ្រព្យសម្បត្តិរបស់គាត់ក្នុងចំណែកមួយដ៏តិចតួច នោះវាគឺគ្រប់គ្រាន់ល្មមសម្រាប់ដោះស្រាយបញ្ហាអត់ឃ្លានរបស់សកលលោកទាំងមូលបានយ៉ាងងាយស្រួល។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១។

banner

លោក David Beasley ប្រធានគ្រប់គ្រងកម្មវិធីស្បៀងអាហារពិភពលោកនៃអង្គការសហប្រជាជាតិ បានថ្លែងថា «ក្រុមកំពូលមហាសេដ្ឋីពាន់លានដុល្លារទាំងនោះគួរតែចាប់ផ្តើមគិតគូរអំពីបញ្ហានេះ ជាពិសេសគឺបុរសកំពូលមហាសេដ្ឋីមានទ្រព្យសម្បត្តិច្រើនបំផុតលើលោក Jeff Bezos ម្ចាស់ក្រុមហ៊ុន Amazon និងលោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន Tesla»

លោក David Beasley បានបន្តទៀតថា «ជាក់ស្តែងណាស់ ត្រឹមតែ ២ភាគរយប៉ុណ្ណោះនៃទ្រព្យរបស់លោក Elon Musk គឺមានទឹកប្រាក់រហូតដល់ ៦ពាន់លានដុល្លារ ហើយវាគ្រប់គ្រាន់បំផុតដើម្បីយកទៅជួយដល់មនុស្សកំពុងអត់ឃ្លាទាំង ៤២លាននាក់នៅជុំវិញពិភពលោក ដែលកំពុងដាច់ពោះស្ទើរតែស្លាប់ទៅហើយ ខណៈដែលវាគឺជាដំណោះស្រាយមួយដែលមិនមែនជារឿងអ្វីដែលគួរឲ្យស្មុគ្រស្មាញនោះទេសម្រាប់ពួកមហាសេដ្ឋីទាំងនេះ»

យោងតាមរបាយការណ៍របស់ WFP ចេញផ្សាយកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះបានបង្ហាញឱ្យដឹងថា ពាក់កណ្តាលនៃចំនួនប្រជាជនអាហ្វហ្គានីស្ថាន ២២,៨លាននាក់ បាននិងកំពុងតែប្រឈមនឹងវិបត្តិអត់ឃ្លានធ្ងន់ធ្ងរ ហើយមូលហេតុធំបំផុតដែលនាំឱ្យមានអត្រានៃការអត់ឃ្លានច្រើននេះគឺបណ្ដាលមកពីជំងឺកូវីដ១៩ ដែលធ្វើឱ្យពួកគេគ្មានការងារធ្វើ និងគ្មានប្រាក់កាកសសម្រាប់ចាយវាយ ខណៈដែលកុមារចំនួន ៣,២លាននាក់ ដែលមានអាយុក្រោម ៥ឆ្នាំកំពុងស្ថិតក្នុងហានិភ័យ។

យោងតាមទស្សនាវដ្ដី Forbes បានឱ្យដឹងថា បើគិតពីទ្រព្បសម្បត្តិរបស់កំពូលមហាសេដ្ឋីអាមេរិកទាំងអស់វិញមានរហូតដល់ទៅ ៥,០៤ពាន់ពាន់លានដុល្លារអាមេរិក ដោយគិគត្រឹមខែតុលា ឆ្នាំ២០២១។

គួរបញ្ជាក់ផងដែរថា គិតថ្ងៃទី២៨ ខែតុលានេះ នាយកប្រតិបត្តិក្រុមហ៊ុនផលិតរថយន្តះអគ្គិសនី Telsa និងជាស្ថាបនិកក្រុមហ៊ុន SpaceX លោក Elon Musk មានទ្រព្យសម្បត្តិសរុបដល់ទៅ ២៧៤ពាន់លានដុល្លារ ខណៈដែលលោក Jeff Bezos មានទ្រព្យសម្បត្តិសរុបចំនួន ១៩៧ពាន់លានដុល្លារអាមេរិក៕