(ភ្នំពេញ)៖ សហគ្រិនខ្មែរ ដែលជាអង្គភាពក្រោមចំណុះ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ថ្ងៃពុធ ទី ២៧ ខែតុលា ឆ្នាំ២០២១ បានរៀបចំ «វេទិកាពិភាក្សាសម្រាប់សហគ្រាសធុនតូច មធ្យម និង ធុរកិច្ចបង្កើតថ្មី» តាមរយៈប្រព័ន្ធអនឡាញ (Virtual Meeting) ក្រោមប្រធានបទ «ការជំរុញអាជីវកម្មឆ្ពោះទៅកាន់ឌីជីថល»

វេទិកានេះមានគោលបំណងផ្សាភ្ជាប់ដៃគូរពាក់ព័ន្ធ ក្នុងវិស័យសហគ្រិនភាពមានដូចជា ស្ថាប័នរដ្ឋ សមាគម អ្នកជំនាញក្នុងទីផ្សារ សហគ្រាសធុនតូចនិងមធ្យម និងធុរកិច្ចបង្កើតថ្មី ក្នុងគោលបំណងផ្លាស់ប្តូរចំណេះដឹង ពីគោលនយោបាយរដ្ឋាភិបាល និងការអនុវត្តបច្ចុប្បន្ន របស់សហគ្រាសធុនតូចនិងមធ្យម និងធុរកិច្ចបង្កើតថ្មី ក្នុងការជំរុញអាជីវកម្មឆ្ពោះ ទៅកាន់ការប្រើប្រាស់ប្រព័ន្ធឌីជីថល។

បណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិសហគ្រិនខ្មែរ បានថ្លែងថា៖ «ដើម្បីឱ្យស្របតាមក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ឆ្នាំ ២០២១-២០៣៥ និង ការលើកកម្ពស់សកម្មភាពសហគ្រិន ក្នុងវិស័យអាទិភាពទាំង ៤ សហគ្រិនខ្មែរ បានបង្កើតវេទិកានេះសម្រាប់ សហគ្រាសធុនតូចនិងមធ្យម និង ធុរកិច្ចបង្កើតថ្មី ក្នុងការស្វែង យល់ពីគោលនយោបាយរបស់រដ្ឋាភិបាល និង ទិសដៅនាពេលអនាគតដើម្បីឆ្ពោះ ទៅកាន់សង្គម និងសេដ្ឋកិច្ចឌីជីថល»

វេទិកានេះបានប្រព្រឹត្តទៅតាមប្រព័ន្ធអនឡាញ ដោយមានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយសមកពី ក្រសួងពាក់ព័ន្ធចំនួន ៣ ផ្សេងគ្នា រួមមាន ក្រសួងពាណិជ្ជកម្ម ក្នុងការធ្វើបទបង្ហាញអំពី «យុទ្ធសាស្ត្រ ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក» ក្រសួងប្រៃសណីយ៍ និងទូរគមនាមន៍ លើប្រធានបទ «បច្ចេកវិទ្យា និង ពាណិជ្ជកម្មអេឡិចត្រូនិក តាមសុវត្ថិភាពប្រព័ន្ធអ៊ីនធើណេត» និង ជាចុងក្រោយក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានធ្វើបទបង្ហាញអំពី «ស្តង់ដារ និងការអនុលោមតាមច្បាប់នៃផលិតផលសម្រាប់សហគ្រាសធុនតូច និងមធ្យម»

បន្ទាប់ពីការធ្វើបទបង្ហាញ កិច្ចពិភាក្សាជាក្រុមចំនួនពីរ បានបន្តដោយមានការតំណាងពីក្រសួងពាក់ព័ន្ធអំពី គោលនយោបាយរបស់រដ្ឋាភិបាល និងការពិភាក្សាជាក្រុមមួយទៀតស្តីពី ការអនុវត្ត និងនិន្នាការរបស់សហគ្រាសធុនតូចនិងមធ្យម និង ធុរកិច្ចថ្មី ក្នុងដំណើរបរិវត្តកម្មឌីជីថល ជាមួយ ក្រុមវាគ្មិនតំណាងដែលអញ្ជើញមកពី សមាគមសហគ្រិនស្ត្រីកម្ពុជា សមាគមបច្ចេកវិទ្យាឌីជីថលកម្ពុជា និង សមាគមពាណិជ្ជកម្មអេឡិចត្រូនិកកម្ពុជា។

បណ្ឌិត ឈៀង វណ្ណមុនិណ្ឌ បានបន្តថា «វេទិការពិភាក្សារនេះមានសារៈប្រយោជន៍សម្រាប់ សហគ្រាសធុនតូចនិងមធ្យម និងធុរកិច្ចបង្កើតថ្មី ក្នុងការទទួលយកការណែនាំទូទៅ និង បទពិសោធន៍ ជាក់ស្ដែង ដើម្បីបង្កើតយុទ្ធសាស្ត្រពាណិជ្ជកម្មបែបឌីជីថល ជាពិសេសក្នុងបរិបទកូវីដ ការគ្រប់គ្រង អាជីវកម្មតាមប្រព័ន្ធបែបឌីជីថល និងការពង្រីកអាជីវកម្មស្របតាមស្តង់ដារកម្ពុជា»

សហគ្រិនខ្មែរ មានចក្ខុវិស័យក្លាយជាថ្នាលជាតិ ក្នុងការលើកកម្ពស់សកម្មភាព សហគ្រិនភាព ក្នុងវិស័យអាទិភាពចំនួន ៤ រួមមាន៖ ទី១ វិស័យបច្ចេកវិទ្យា ដែលផ្ដោតទៅលើ ធុរកិច្ចបង្កើតថ្មី បែបបចេ្ចកវិទ្យាទី២ វិស័យសេវាកម្ម រួមមាន បដិសណ្ឋារកិច្ច និងផ្នែកដឹកជញ្ជូន ទី៣ វិស័យកសិកម្ម ដែលផ្តោតសំខាន់លើ កសិផល កែឆ្នៃសំរាប់ប្រើប្រាស់ក្នុងស្រុក និងកសិផលសម្រាប់នាំចេញ និងទី៤ វិស័យកម្មន្តសាល ដែលផ្តោតទៅលើ ផលិតផលជំនួសការនាំចូល៕