(ភ្នំពេញ)៖ អ្នករៀបចំព្រឹត្តិការណ៍ CamTech Summit 2021 បានបានឱ្យដឹងថា ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ព្រូដិនសលកម្ពុជា នឹងចូលរួមសហការរៀបចំព្រឹត្តិការណ៍ CamTech Summit 2021 ដើម្បីជួយដល់ការគាំទ្រ និងអភិវឌ្ឍសមត្ថភាព លើវិស័យឌីជីថលនៅក្នុងប្រទេសកម្ពុជា ឱ្យកាន់តែមានភាពរីកចម្រើន។

ព្រឹត្តិការណ៍ CamTech Summit 2021នឹងប្រព្រឹត្តទៅក្នុងរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០២១ ក្រោមប្រធានបទទាក់ទងទៅនឹងវិស័យបច្ចេកវិទ្យាផ្នែកហិរញ្ញវត្ថុ និងវិស័យបច្ចេកវិទ្យាផ្សេងទៀត ដើម្បីបង្ហាញពីភាពរីកចម្រើន និងការកើនឡើងនៃវិស័យទាំងនេះ នៅក្នុងប្រទេសកម្ពុជា។

ក្រុមប្រឹក្សាភិបាលលោក Tomas Pokorny ដែលជាសមាជិក និងប្រធានគណៈកម្មាធិការឧបត្ថម្ភរបស់ CAFT មានប្រសាសន៍ថា «ស្របពេលដែលប្រទេសកម្ពុជា កាន់តែភាពរីកចម្រើនលើការប្រើប្រាស់ប្រព័ន្ធឌីជីថល យើងពិតជាត្រូវការដៃគូ និងអ្នកសហការ ដែលនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រលើការអភិវឌ្ឍក្នុងវិស័យនេះ ដើម្បីបន្តភាពរីកចម្រើនតទៅមុខទៀត ហើយពួកយើងពិតជាអរគុណយ៉ាងខ្លាំងដល់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ព្រូដិនសលកម្ពុជា ដែលបានប្តេជ្ញាចិត្តក្នុងការចូលរួមសហការជាមួយពួកយើង។ ព្រឹត្តិការណ៍ CamTech Summit 2021 ដែលនាំមកជូនដោយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ព្រូដិនសលកម្ពុជា នឹងក្លាយជាព្រឹត្តិការណ៍ដ៏ពិសេសមួយ ក្នុងការបង្ហាញពីទិដ្ឋភាពដ៏ធំទូលាយ និងប្រកបដោយភាពច្នៃប្រឌិតលើវិស័យបច្ចេកវិទ្យាផ្នែកហិរញ្ញវត្ថុ និងវិស័យបច្ចេកវិទ្យានានានៅក្នុងប្រទេសកម្ពុជា»

លោក Sanjay Chakrabarty អគ្គនាយកនៃក្រុមហ៊ុនព្រូដិនសលកម្ពុជា បានមានប្រសាសន៍ថា «ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ព្រូដិនសល គឺជាក្រុមហ៊ុនឈានមុខគេក្នុងការផ្តល់ជូននូវដំណោះស្រាយផ្នែកសុខភាព និងសេវាធានារ៉ាប់រងអាយុជីវិតតាមបែបឌីជីថលនៅទូទាំងអាស៊ី។ យើងជឿជាក់ថា យើងកំពុងតែដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយដល់ការគាំទ្រ និងអភិវឌ្ឍសមត្ថភាពលើវិស័យឌីជីថលនៅក្នុងប្រទេសកម្ពុជាឱ្យកាន់តែមានភាពរីកចម្រើន។ យើងពិតជាមានសេចក្តីសោមនស្សរីករាយណាស់ក្នុងការគាំទ្រព្រឹត្តិការណ៍ CamTech Summit 2021 នេះ ដើម្បីផ្សព្វផ្សាយពីការយល់ដឹងលើវិស័យបច្ចេកវិទ្យាផ្នែកហិរញ្ញវត្ថុ និងវិស័យបច្ចេកវិទ្យានានា។ យើងនឹងមានអ្នកជំនាញមកពីព្រូដិនសលក្នុងការចូលរួម ដើម្បីចែករំលែកចំណេះដឹង និងជំនាញរបស់ពួកគេលើផ្នែកសុខភាពតាមបែបឌីជីថល ការធានារ៉ាប់រងអាយុជីវិត ផ្នែកបច្ចេកវិទ្យា និងការប្រើប្រាស់បញ្ញាសិប្បនិមិត្ត (AI) ផងដែរ»

ព្រឹត្តិការណ៍ CamTech Summit 2021 ត្រូវបានរៀបចំឡើងដោយសមាគមសហពន្ធ័ហិរញ្ញវត្ថុនិងបច្ចេកវិទ្យានៃកម្ពុជា(CAFT) សហការជាមួយធនាគារជាតិនៃកម្ពុជា (NBC) សមាគមធនាគារនៃកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុនៃកម្ពុជា (CMA) ហើយព្រឹត្តិការណ៍នេះជាដៃគូមួយក្នុងចំណោមដៃគូទាំង ១១ នៃព្រឹត្តិការណ៍ World Fintech Festival ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ១១-១២ ខែវិច្ឆិកា ឆ្នាំ ២០២១។ សូមចូលរួមរីករាយទស្សនាដោយសេរីនូវការផ្សាយបន្តផ្ទាល់ តាមរយៈទំព័រ FB របស់ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ព្រូដិនសលកម្ពុជា “Prudential Cambodia” និងតាមទំព័រ FB របស់អ្នករៀបចំកម្មវិធី៕