(ឡុងដ៏)៖ អ្នកគាំទ្រជាច្រើនបានគិតថា លោក Ronald Koeman នឹងស្ថិតក្នុងបញ្ជីរបស់ក្លិបសារិកាព្រៃ Newcastle United ដែលកំពុងស្វែងរកគ្រូថ្មីមកដឹកនាំក្រុមពួកគេ ខណៈលោក Koeman ទើបតែត្រូវបានក្លិបអេស្ប៉ាញ FC Barcelona បញ្ចប់តួនាទីពីតំណែងគ្រូបង្វឹក ក្រោយដឹកនាំក្រុមជួបស្ថានភាពធ្ងន់ធ្ងរក្នុងរដូវកាលថ្មីនេះ។

ក្លិបដែលមានម្ចាស់ថ្មីថ្មោងមកពីអារ៉ាប៊ីសាអូឌីត Newcastle បានកំពុងត្រូវប្រជែងគ្នាជាមួយក្លិប FC Barcelona ក្នុងការស្វែងរកគ្រូថ្មីរបស់ពួកគេ គ្រាដែលក្លិបទាំងពីរបានបញ្ចប់តួនាទីគ្រូបង្វឹករៀងៗខ្លួនមានលោក Steve Bruce បានសម្រេចលាឈប់ និងលោក Koeman ត្រូវបណ្តេញចេញ ដោយនេះ ជាស្ថានភាពចាំបាច់របស់ថ្នាក់ដឹកនាំក្លិបទាំងពីរត្រូវធ្វើចំពោះក្លិបដែលកំពុងតែជួបបញ្ហា។

លោក Koeman បានជួបបញ្ហាអាក្រក់នៅកីឡដ្ឋាន Camp Nou ក្នុងស្ថានភាពវិបត្តិហិរញ្ញវត្ថុដែលធ្វើឲ្យលោកដឹកនាំក្រុមមិនមានភាពជឿជាក់ ដោយមានកីឡាករឆ្នើមៗបានចាកចេញដូចជា Lionel Messi ជាដើម ខណៈក្លិបអង់គ្លេស Newcastle United ដែលមានជាងគេបច្ចុប្បន្ន ចំពោះអ្នកគាំទ្រក៏បានគិតថា លោក Koeman នឹងអាចជាប់ទាក់ទងជាមួយកន្លែងការងារថ្មីដែលកំពុងទំនេររបស់ក្លិបពួកគេ។

អ្នកគាំទ្រជាច្រើនបានបង្ហាញអារម្មណ៍ដោយមិនមានភាពច្បាស់លាស់ណាមួយនោះទេ គ្រាន់តែនេះជាការចង់បានរបស់ពួកគេ ដែលកំពុងរង់ចាំមើលថាតើលោក Koeman នឹងអាចស្ថិតក្នុងបញ្ជីដែរនោះទេ នៅពេលដែលក្លិបសារិកាព្រៃ ត្រៀមប្រមាណ ៥០លានផោន ដើម្បីចុះកិច្ចសន្យានៃផ្ទេរយកកីឡាករថ្មីនៅខែមករាខាងមុខ ចំពោះកីឡាករ ៨នាក់៕