(ដូហា)៖ ប្រទេសកាតា បានសម្រេចឲ្យក្រុមហ៊ុនសណ្ឋាគារធំជាងគេបំផុត របស់អឺរ៉ុប Accor ក្នុងការរៀបចំបន្ទប់ និងផ្ទះវីឡា ដែលជាកន្លែងស្នាក់នៅរបស់អ្នកគាំទ្រ ដែលនឹងធ្វើដំណើរកម្សាន្ត ទៅកាន់ប្រទេសកាតា នៅអំឡុងពេលព្រឹត្តិការណ៍ World Cup នាឆ្នាំក្រោយ, នេះបើតាមការបញ្ជាក់ពីគណៈកម្មាធិការរៀបចំ ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១នេះ។

គណៈកម្មាធិការកំពូលរបស់កាតា ទទួលបន្ទុកការចែកចាយ និងកេរ្តិ៍ដំណែល បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា ខ្លួនបានចុះកិច្ចសន្យាមួយ ជាមួយក្រុមហ៊ុន Accor ដើម្បីដំណើរការប្រតិបត្តិការ និងសេវាកម្ម នូវផលប័ត្រអចលនទ្រព្យរបស់ប្រទេសធ្វើជាម្ចាស់ផ្ទះ រហូតដល់ដំណាច់ឆ្នាំ២០២២។

ក្រុមហ៊ុន Accor នឹងផ្តល់បុគ្គលិក ដើម្បីរៀបចំ និងប្រតិបត្តិការបន្ទប់ជាង៦០,០០០ នូវបន្ទប់ស្នាក់នៅ និងផ្ទះវីឡា ដែលមាននៅទូទាំងប្រទេស ដែលស្ថិតនៅឈូងសមុទ្រ Gulf Arab នេះ។

អ្នករៀបចំ World Cup រំពឹងថា នឹងទាក់ទាញភ្ញៀវទេសចរ១.២លាននាក់ ទៅកាន់ប្រទេសកាតា នៅអំឡុងពេលព្រឹត្តិការណ៍ ដែលមានរយៈពេល២៨ថ្ងៃ, ដែលនឹងចាប់ផ្តើមនៅខែវិច្ឆិកា ឆ្នាំក្រោយ។ ប៉ុន្តែកាតា មានបន្ទប់សណ្ឋាគារតិចជាង៣០,០០០បន្ទប់ ដែលកំពុងដំណើរការ, នេះបើយោងតាមទិន្នន័យ ដែលចេញផ្សាយដោយអាជ្ញាធរទេសចរណ៍កាតា កាលពីខែសីហា។

កាតា មានប្រជាជនប្រមាណ២.៩លាននាក់, ដោយ៨៥ភាគរយនៃពួកគេ គឺជាជនបរទេស។ ដោយសារជាប្រទេសផលិតឧស្ម័នធម្មជាតិរាវ ធំជាងគេនៅលើពិភពលោក, កាតា ជាប្រទេសមួយ ស្ថិតក្នុងចំណោមប្រទេស ដែលមានអត្រាប្រាក់ចំណូលសម្រាប់មនុស្សម្នាក់ ខ្ពស់ជាងគេបំផុត នៅលើពិភពលោក៕