(ភ្នំពេញ)៖ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ឯ.ក បានរៀបចំប្រារព្ធពិធីជួបជុំដៃគូ អាជីវកម្មរបស់ខ្លួនជាលើកដំបូង នៅរោងចក្រផលិតស្រាបៀរហនុមានរបស់ខ្លួន ដែលត្រូវបង្កើតឡើងដោយកូនខ្មែរ ជាមួយទុនវិនិយោគប្រមាណ ១៦០ លានដុល្លារ ។ រោងចក្រផលិតស្រាបៀរហនុមាន បំពាក់ដោយបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់ពីអឺរ៉ុប ស្របទៅតាមបទដ្ឋានស្តង់ដារលំដាប់ពិភពលោក។

ដែលមានសមត្ថភាពផលិតស្រាបៀររហូតដល់ទៅប្រមាណ ៣០លានកេស ក្នុងរយៈពេលមួយឆ្នាំ។ ពោលគឺនឹងផ្តល់ឱកាសការងារប្រមាណជាង ១,៦០០កន្លែង។ ព្រមជាមួយការប្តេជ្ញាចិត្តដ៏មោះមុត ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច នៃព្រះរាជាណាចក្រកម្ពុជា។ ស្របជាមួយទិសដៅរបស់រាជរដ្ឋាភិបាលដែលបាន នឹងកំពុងជំរុញដល់ការបង្កើនវិស័យឧស្សាហកម្មផលិតក្នុងស្រុក។

ពិធីជួបជុំដៃគូរពាណិជ្ជកម្មរបស់ខ្លួនលើកដំបូងនេះ ធ្វើឡើងនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ នៅរោងចក្រផលិតស្រាបៀរហនុមាន ដែលមានទីតាំងស្ថិតនៅផ្លូវជាតិលេខ ៤ ភូមិត្រពាំងវែង ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល។ ដោយមានការចុះហត្ថលេខា លើកិច្ចសហការជាផ្លូវការ ព្រមទាំងបើកបង្ហាញនូវខ្សែសង្វាក់ផលិតកម្ម របស់ខ្លួនជាលើកដំបូង ដល់ដៃគូចែកចាយស្រាបៀរហនុមានទូទាំងប្រទេស។

នៅក្នុងកម្មវិធីនេះ ក៏មានការសំណេះសំណាលជំនួបពិសេសក្នុងន័យផ្សារភ្ជាប់ និងបង្កើនទំនាក់ទំនង ភាពជា ដៃគូដ៏រឹងមាំ ក្នុងដំណើរការចែកចាយបន្តទៅដល់អតិថិជនទូទាំងប្រទេស។ នៅក្នុងន័យជំរុញបន្ថែមលើទំនុកចិត្តក៏ដូចជាប្រសិទ្ធិភាព នៃកិច្ចសហការឆ្ពោះទៅភាពជោគជ័យប្រកបដោយបរិយាប័ន និងនិរន្តរភាពរួមគ្នា។

នៅក្នុងឱកាសនោះដែរ លោក Chas Geschke នាយកប្រតិបត្តិក្រុមហ៊ុនហនុមានប៊ែវើរីជីស បានមានប្រសាសន៍ថា៖ «បន្ទាប់ពីការសាងសង់អស់រយៈពេលជាងពីរឆ្នាំ យើងបានឆ្លងកាត់នូវឧបសគ្គជាច្រើន ក្នុងស្ថានភាពការរីករាលដាលនៃជំងឺ កូវីដ-១៩ ដែលបានជះឥទ្ធិពលដល់ល្បឿននៃការ សាងសង់របស់យើង។ យ៉ាងណាមិញក្រុមហ៊ុនបានខិតខំស្វែងរក ដំណោះស្រាយក្នុងការជំរុញដំណាក់កាលនីមួយៗបន្តទៅមុខជានិច្ច។ ទីបំផុតយើងសម្រេច បាននូវគោលដៅដំបូងរបស់ក្រុមហ៊ុន។ យើងពិតជាមោទកភាពក្នុងការទទួលបានជោគជ័យ នៃការផលិតនូវផលិតផលដំបូងរបស់យើង គឺស្រាបៀរហនុមាន Hanuman Premium Lager ព្រមទាំងបានចែកចាយលើទីផ្សារកាលពីថ្មីៗនេះ» ។

លោកបានបន្តទៀតថា៖ «នេះទើបតែជាការចាប់ផ្តើមប៉ុណ្ណោះ យើងនឹងមានផលិតផលសក្តានុពលជាច្រើនទៀត នាពេលដ៏ខ្លីខាងមុខនេះ ដើម្បីបំពេញនូវតម្រូវការ របស់អតិថិជន ដែលតែងតែទន្ទឹងរង់ចាំនូវផលិតផលថ្មីប្លែក ហើយមានគុណភាពពិតប្រាកដ»

ជាមួយគ្នានេះដែរ លោកស្រី ខៀវ សស៊ីលៀប ស្ថាបនិកា និងនាយិកាក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ក៏បានមានប្រសាសន៍ដែរថា៖ «ផលិតផលដំបូងរបស់យើង ទទួលបានការគាំទ្រពេញចិត្ត និងកោតសរសើរមិនដាច់ពីមាត់ ពីសំណាក់បងប្អូនប្រជាជនកម្ពុជា និងភ្ញៀវអន្តរជាតិ អំពីរសជាតិដ៏ឆ្ងាញ់ គុណភាពល្អ និងមានរូបរាងគួរឲ្យទាក់ទាញ ដែលនេះជាសមិទ្ធផលផ្លែផ្កាដ៏វិសេសវិសាលដំបូងសម្រាប់ក្រុមហ៊ុន»

លោកស្រីបានបន្ថែមថា៖ «ក្រុមហ៊ុនមានចក្ខុវិស័យវែងឆ្ងាយប្រកបដោយវិសាលភាព។ យើងផ្តោតសំខាន់លើ ឧត្តមភាព នៃគុណតម្លៃ ក្នុងការផ្តល់បរិយាកាសការងារល្អដល់បុគ្គលិក ស្ថិរភាពលើគុណភាពផលិតផល ក៏ដូចជាការគាំទ្រលើយុទ្ធសាស្រ្តល្អៗ ដើម្បីនិរន្តរភាពដល់ការពង្រីកអាជីវកម្មជាចម្បង ជាពិសេសគឺជំរុញបន្ថែមលើការកសាងគុណភាពម៉ាកសញ្ញាកូនខ្មែរទៅកាន់សកលលោក»

សូមបញ្ជាក់ផងដែរថា ក្រោយពីបញ្ចប់ទស្សនកិច្ចខ្សែសង្វាក់ផលិតកម្មស្រាបៀរហនុមានរួចមក បណ្តាដៃគូអាជីវកម្មទាំងអស់ បានកោត សរសើរចំពោះទំនើបកម្ម និងភាពសម្រិតសម្រាំងយ៉ាងហ្មត់ចត់ដ៏ល្អឥតខ្ចោះ នៃការផលិតស្រាបៀរហនុមាន ដែលរាប់ចាប់តាំងពីការជ្រើសរើសគ្រឿងផ្សំ រហូតដល់ការវេចខ្ចប់ផលិតផលសម្រេច ដោយបានឆ្លងកាត់នូវដំណាក់កាលផលិត ក៏ដូចជាការពិសោធន៍ត្រឹមត្រូវតាមបទដ្ឋានស្តង់ដារមុននឹងចែកចាយនៅលើទីផ្សារ៕