(បាសេឡូណា)៖ បើយោងតាមសារព័ត៌មាន BBC បានចុះផ្សាយថា ក្លិបអេស្ប៉ាញ FC Barcelona បានព្រមព្រៀងសងសំណងប្រមាណ ១២លានអឺរ៉ូ ស្មើនឹង ១៤លានដុល្លារអាមេរិក ជាថ្នូរនឹងការបញ្ចប់កិច្ចសន្យាមុនពេលកំណត់ដែលមានសុពលភាពដល់ឆ្នាំ២០២២។
សូមរំលឹកថា កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ បុរសសញ្ជាតិហូឡង់ វ័យ ៥៨ឆ្នាំ បានស៊ីញ៉េកុងត្រាដឹកក្លិប FC Barcelona ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ដែលមានទើបតែមានរយៈពេល ១៤ខែប៉ុណ្ណោះ ក្រោមកិច្ចសន្យា ២ឆ្នាំរបស់លោកនៅទឹកដី Camp Nou។
តែយ៉ាងណា អតីតគ្រូបង្វឹកក្រុមជម្រើសជាតិទឹកក្រូចហូឡង់ខាងលើនេះ បានដឹកនាំក្លិបអ្នកមានបុណ្យ FC Barcelona ធ្លាក់ដល់លេខ៩ ជាបណ្តោះអាសន្ននារដូវកាលនេះ ដែលមានតែ ១៥ពិន្ទុផងដែរ ក្រោយឆ្លងកាត់ ១០ប្រកួតមកនេះដែលប្រឈមទៅនឹងអត់បានលេងនៅ UEFA Champions League រដូវកាលក្រោយទៀតផង ប្រសិនបើនៅតែបែបនេះទៀត។
យ៉ាងនេះក្តី FC Barcelona នឹងបន្តខាតបង់ទឹកប្រាក់ជិត ១៩លានដុល្លារ ប្រសិនបើអត់បានលេងនៅ UCL នារដូវកាលឆ្នាំ២០២២-២០២៣ ទៀតនោះ ដែលធ្វើឲ្យប្រធានក្លិបលោក Laporta បង្ខំចិត្តចែកផ្លូវជាមួយលោក Ronald Koeman ដើម្បីរើសអ្នកថ្មីមកជួយស្រោចស្រង់ក្លិបឡើងវិញ ដែលអ្នកបន្ទាប់គឺអាចជាលោក Xavi Hernandez ដែលជាអតីតកីឡាករនិម្មិតរូបរបស់ក្លិប ដែលកំពុងដឹកនាំក្លិប Al Saad ក្នុងលីគកំពូលនៃប្រទេសកាតា៕