(អាមេរិក)៖ ក្រុមហ៊ុន Facebook Inc បានប្រកាសប្ដូរឈ្មោះក្រុមហ៊ុនជាផ្លូវការទៅជា «Meta» ដែលគោលបំណងនៃការប្ដូរឈ្មោះនេះគឺចង់ ផ្ដោតសំខាន់ទៅលើការបង្កើតចក្រវាឡ «metaverse» ឬហៅម្យ៉ាងទៀតថា ជាពិភព «និម្មិត»។ នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មាន Reuters នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១។

ការផ្លាស់ប្ដូរឈ្មោះនេះផងដែរ ត្រូវបានគេមើលឃើញថា បានធ្វើឡើងក្រោយពេលបណ្ដាញសង្គមដ៏ធំជាងគេបំផុតបំផុតនៅលើពិភពលោក មួយនេះទទួលរងនូវការរិះគន់យ៉ាងខ្លាំងពីសមាជិកសភាអាមេរិក ជុំវិញការប្រើប្រាស់អំណាចរបស់ខ្លួនដើម្បីរំលោភបំពានលើទីផ្សារប្រកួតប្រជែង។

លោក Mark Zuckerberg ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Facebook បានថ្លែងឱ្យដឹងថា ឈ្មោះថ្មីនេះគឺបានឆ្លុះបញ្ចាំង ពីការងារ និងការវិនិយោគរបស់ខ្លួនទៅលើគម្រោង «metaverse» ក្នុងការបង្កើតនូវឧបរណ៍ជាច្រើនសម្រាប់ពិភពលោកនាពេលអនាគត ហើយចំពោះ បណ្ដាញសង្គម Facebook គឺនៅប្រើឈ្មោះ Facebook ដដែល។

មេធំ Facebook រូបនេះបានបន្ថែមទៀតថា នៅពេលនេះក្រុមហ៊ុនគឺនឹងផ្ដោតសំខាន់លើការបណ្ដាក់ទុន និងវិនិយោគទៅលើ ឧបករណ៍ VR ព្រោះវានឹងជួយឱ្យពិភពលោក និងពិភពនិម្មិតកាន់តែខិតជិតគ្នា ហើយអ្វីដែលអស្ចារ្យនោះគឺបច្ចេកវិទ្យានឹងធ្វើឱ្យពិភពលោករបស់មនុស្សនាពេល អនាគតកាន់តែអស្ចារ្យ៕