(អាមេរិក)៖ ក្រុមហ៊ុន Apple បានប្រកាសបង្ហាញរបាយការណ៍ហិរញ្ញវត្ថុត្រីមាសទី៣ ឆ្នាំ២០២១ ដោយទទួលបានច្រើនជាងការរំពឹងទុក ប៉ុន្តែ ក្រុមហ៊ុនបានខាតបង់ប្រាក់ប្រមាណជា ៦ពាន់លានដុល្លារអាមេរិក ដោយសារតែបញ្ហាទៅលើការផ្គត់ផ្គង់។ នេះបើយោងតាមការចេញផ្សាយ របស់សារព័ត៌មាន CNBC នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១។

លោក Tim Cook នាយកប្រតិបត្តិក្រុមហ៊ុន Apple បានថ្លែងឱ្យដឹងថា ទីផ្សារនៃការលក់ផលិតផល និងសេវាកម្មរបស់ Apple នៅមាន ស្ថានភាពល្អ ប៉ុន្តែខាងសង្វាក់ផលិតកម្មផ្គត់ផ្គង់បានជួបបញ្ហា ហើយបើតាមការប៉ាន់ប្រមាណវាបានធ្វើឱ្យ Apple ខាតបង់ប្រាក់ប្រមាណ ៦ពាន់លានដុល្លារអាមេរិក។

បើទោះបីជាសង្វាក់ផលិតកម្មបានជួបបញ្ហាក្ដី ក៏ប្រាក់ចំណូលរបស់ក្រុមហ៊ុន Apple នៅក្នុងត្រីមាសទី៣បានកើនឡើងចំនួន ២៩ភាគរយ ផងដែរ ដោយទទួលបានចំណូលសរុប ៨៣,៣៦ពាន់លានដុល្លារអាមេរិក ក្នុងនោះចំណូលបានមកពី iPhone មានចំនួន ៣៨,៨៧ពាន់ លានដុល្លារអាមេរិក, ចំណូលបានមកពីសេវាកម្មមានចំនួន ១៨,២៨ពាន់លានដុល្លារអាមេរិក, ចំណូលបានមកពី Mac មានចំនួន ៩,១៨ពាន់លានដុល្លារអាមេរិក, ចំណូលបានមកពី iPad មានចំនួន ៨,២៥ពាន់លានដុល្លារអាមេរិក និងចំណូលផ្សេងៗទៀត មានចំនួន ៨,៧៩ពាន់លានដុល្លារអាមេរិក។

គួរបញ្ជាក់ផងដែរថា បើយោងតាមរបាយការណ៍របស់ Apple បានបង្ហាញឱ្យដឹងថា នៅក្នុងត្រីមាសទី៣នេះ ការលក់ស្មាតហ្វូនបានកើនឡើងរហូតដល់ ៤៧ភាគរយ បើធៀនទៅនឹងឆ្នាំមុន ប៉ុន្តែតិចជាងការរំពឹងទុករបស់អ្នកវិភាគ៕