(ភ្នំពេញ)៖ តំណាងក្រុមហ៊ុនធំៗជាង១០០ នាក់ បានចូលរួមប្រជុំតាមរយៈប្រព័ន្ធបញ្ជូនសំលេង និងរូបភាព (ZOOM) ជាមួយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ ដើម្បីចុះឈ្មោះចូលរួមផ្តល់ឱកាសការងារគ្រប់ប្រភេទសរុបជាង ១ ម៉ឺនកន្លែងដល់យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ នៅក្នុងពិព័រណ៍ការងារ និងផលិតភាពជាតិអនឡនឆ្នាំ ២០២១ ដែលនឹងប្រព្រឹត្តិទៅរយៈពីរថ្ងៃ គឺថ្ងៃទី៤-៥ ខែវិច្ឆិកាខាងមុខនេះ។ តាមរយៈកិច្ចប្រជុំនេះ បណ្តាក្រុមហ៊ុនទាំងអស់បានស្វែងយល់អំពីវិធីប្រើប្រាស់គេហទំព័រការងារអនឡាញ www.careerfair.gov.kh ដើម្បីប្រើជាមធ្យោបាយតាំងបង្ហាញព័ត៌មានជ្រើសរើសបុគ្គលិករបស់ខ្លួនបានដោយងាយស្រួល និងត្រៀមទទួល CV ជាច្រើនពីអ្នកស្វែងរកការងារដែលមានសក្តានុពលពីគ្រប់មជ្ឈដ្ឋានទូទាំងប្រទេស។

គួរបញ្ជាក់ជូនដែរថា នៅក្នុងពិព័រណ៍ការងារអនឡាញនេះ នឹងមានរួមបញ្ជូលសិក្ខាសាលាផលិតភាពតាមរយៈប្រព័ន្ធអនឡាញ (Zoom) ដែលត្រូវបានរៀបចំឡើងក្នុងគោលបំណងចែករំលែកចំណេះដឹង បទពិសោធន៍ គន្លឹះសំខាន់ៗ និងផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងពីសារៈសំខាន់នៃការបង្កើនផលិតភាពការងារ និងបង្ហាញពីការវិវត្តបច្ចេកវិទ្យាថ្មីៗ ដែលប្រទេសជឿនលឿន និងប្រទេសកំពុងអភិវឌ្ឍន៍មួយចំនួន ប្រើប្រាស់ដើម្បីគ្រប់គ្រងការងារ និងខ្សែចង្វាក់ផលិតកម្ម ជាពិសេសបំផុសស្មារតី និងពង្រីកប្រសិទ្ធភាពការងារក្នុងបរិបទការងារតាមគន្លងថ្មីនៃការរីករាលដាលជំងឺកូចវីដ-១៩។

ពិព័រណ៍ការងារ និងផលិតភាពជាតិអនឡាញ ឆ្នាំ២០២១ ត្រូវបានរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ (MLVT) និងបានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា (UYFC) រាជធានីភ្នំពេញ, សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) និងមានការចូលរួមគ្រាំទ្រពីក្រសួង ស្ថាប័ន ក្រុមហ៊ុន សហគ្រាស គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាល និងអង្គការជាតិ-អន្ដរជាតិជាច្រើនផងដែរ>

សម្រាប់ព័ត៌មានបន្ថែមអំពីពិព័រណ៍អនឡាញ សូមទាក់ទងតាម៖

* ទូរសព្ទលេខ 017 467423 / 017 871807 / 096 2155 162
* គេហទំព័រ http://www.nea.gov.kh
* Facebook #neakhmer
#រួមគ្នាបង្ការជំងឺកូវីដ១៩ដើម្បីរក្សាការងារយើង