(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមកកម្ពុជា (CAMSOC) និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) សហការជាមួយនិងក្លិបអ្នកការសែតកម្ពុជា (CCJ) បានរៀបចំវគ្គសិក្សាសម្រាប់វិស័យសារព័ត៌មានកីឡា នៃវគ្គសិក្សាជំរុញការផ្សព្វផ្សាយស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ នៃតួនាទីអ្នកសារព័ត៌មានកីឡាតាមរយៈបទពិសោធជនជាតិជប៉ុន។

ការរៀបចំនេះគោងធ្វើឡើងចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នៅសាលសន្និសីទ NOCC ក្នុងគោលបំណងចម្បងនៃការរៀបចំសិក្សានេះ គឺដើម្បីលលើកម្ពស់ការយល់ដឹងអំពីតួនាទីរបស់អ្នកសារព័ត៌មានកីឡា ក្នុងការរាយការណ៍អំពីការប្រកួតកីឡាឱកាន់តែប្រសើរឡើងទ្វេឡើងជាលំដាប់ ដើម្បីយល់ដឹងពីគោលការណ៍នៃការលេងដោយយុត្តិធម៍ គោលការណ៍អូឡាំពិក ធម្មនុញ្ញអូឡាំពិក និងបទបញ្ជាកីឡាអន្តរជាតិ។ល។ ហើយអ្នកដែលបានចូលរួមវគ្គបណ្តុះបណ្តាលនេះ នឹងមានសមត្ថភាពអាចចូលរួមលើកកម្ពស់ ព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមប្រកបដោយវិជ្ជាជីវៈ។

តាមការគ្រោងទុករយៈពេលសិក្សា គឺមាន ២វគ្គដោយវគ្គសិក្សាទី១ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១ ហើយវគ្គទី២ សិក្សាចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ ដែលមានចូលរួមពីសមាសភាពគ្រូឧទេ្ទសមកពីប្រទេសជប៉ុន ខណៈដែលគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមកកម្ពុជា (CAMSOC) បានមានក្តីសង្ឃឹមយ៉ាងមុតមាំថា វគ្គសិក្សានេះនឹងផ្តល់ជាចំណេះដឹងបន្ថែមដល់អ្នកសារព័ត៌មានកីឡាជាតិនិងសារព័ត៌មានកីឡាអាជីព យកមកចូលរួមផ្សព្វផ្សាយ និងបង្ហាញពីព្រឹត្តិការព៍ជាប្រវត្តិសាស្ត្រក្នុងការប្រកួតកីឡាអាស៊ីអាគ្នេយ៍ និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ នាពេលខាងមុខ៕