(សេអ៊ូល)៖ ក្រុមហ៊ុន Samsung បានប្រកាសបង្ហាញរបាយការណ៍ប្រាក់ចំណូលត្រីមាសទី៣ ឆ្នាំ២០២១ ដោយទទួលបានប្រាក់ចំណេញ ច្រើន និងបានបំបែកកំណត់ ដោយក្នុងនោះទទួលបានប្រាក់ចំណូលចំនួន ៦៣ពាន់លានដុល្លារ និងប្រាក់ចំណេញប្រតិបត្តិការចំនួន ១៣,៤ពាន់លានដុល្លារអាមេរិក ខណៈដែលតួលេខនេះវាដូចគ្នាទៅនឹងអ្វីដែលក្រុមហ៊ុនបានរំពឹងទុក។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSM Arena នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា ប្រាក់ចំណេញដែលក្រុមហ៊ុន Samsung ទទួលបាននៅក្នុងត្រីមាសទី៣នេះគឺខ្ពស់បំផុតនៅក្នុងរយៈពេល៣ឆ្នាំចុងក្រោយ និងមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ របស់ ក្រុមហ៊ុនបច្ចេកវិទ្យាកូរ៉េខាងត្បូងមួយនេះឡើយ។
យោងតាមតួលេខដែលបានបង្ហាញនៅក្នុងរបាយការណ៍បានឱ្យដឹងថា ប្រាក់ចំណូលរបស់ក្រុមហ៊ុន Samsung បានកើនឡើង ១០ភាគរយ បើធៀបទៅនឹងឆ្នាំមុន ខណៈប្រាក់ចំណេញបានកើនឡើង ២៦ភាគរយបើទៅនឹងត្រីមាសដូចគ្នាកាលពីឆ្នាំ២០២០។
កាលពីដើមខែនេះ ក្រុមហ៊ុន Samsung បានបង្ហើបឱ្យដឹងថា នៅក្នុងត្រីមាសទី៣នេះ តម្រូវការឧបករណ៍ពាក់កណ្ដាលសម្រេចគឺមានកំណើន ខ្ពស់ដោយសារតែក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនត្រូវការបន្ទះឈីប និងគ្រឿងបង្គុំសម្រាប់ បង្កើតមជ្ឈមណ្ឌលទិន្នន័យ និង ម៉ាស៊ីនផ្ដល់រក្សាទុកទិន្នន័យ ដោយក្នុងនោះទទួលបានប្រាក់ចំណូល ២២,៥ពាន់លានដុល្លារអាមេរិក បើធៀបនឹងឆ្នាំមុនកើនឡើង ១៦ភាគរយ។
ចំណែកប្រាក់ចំណូលដែលបានមកពីការលក់ស្មាតហ្វូន Tablet និងឧបករណ៍៍ពាក់ដៃ wearables មានកាថតចុះប្រមាណជា ៨ភាគរយ និងទទួលបានត្រឹមតែ ២៣,៣៣ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ ប៉ុន្តែ Samsung បានរំពឹងថា នៅត្រីមាសចុងនេះការលក់ស្មាតហ្វូន និង ទូរទស្សន៍អាចនឹងកើនឡើងវិញដោយសារតែវាជារដូវកាលវិស្សមកាល៕