(ឡុងដ៏)៖ ក្លិប Manchester United និង Liverpool កំពុងឈរជាក្លិបមានគោលដៅខ្ពស់ជាងគេនៃការប្រជែង ចំពោះការចុះកិច្ចសន្យាជាមួយកីឡាករក្លិប Leeds United គឺខ្សែបម្រើ Kalvin Phillips ដែលសុទ្ធតែស្ថិតក្នុងលីគអង់គ្លេស Premier League ដែលការដេញថ្លៃនេះ អាចជម្រុញឲ្យតម្លៃឡើងដល់ជាង ៦០លានផោន សម្រាប់ទីផ្សារដោះដូរនាពេលខាងមុខ។

ប្រភពពី Daily Star បានបង្ហាញថា ក្លិបហង្សក្រហម Liverpool បានចូលខ្លួនចាប់អារម្មណ៍ទៅលើខ្សែបម្រើសញ្ជាតិអង់គ្លេស Phillips ដែលអាចធ្វើឲ្យតម្លៃផ្ទេរ និងកើនឡើងដល់ ៦០លានផោន ឬលើសពីនេះជាមួយក្លិប Man United ដែលជាក្លិបមានការចាប់អារម្មណ៍ខ្លាំងផងដែរ ដែលរូបគេក៏កំពុងមានការចរចាលើកិច្ចសន្យាពីសំណាក់ក្លិប Leeds ដែលមិនចង់បាត់បង់ខ្សែបម្រើល្អរបស់ពួកគេចេញពីកីឡដ្ឋាន Elland Road ឡើយ។

Phillips មានកិច្ចសន្យាដល់ឆ្នាំ២០២៤ កំពុងស្ថិតក្នុងភាពភ័យខ្លាចពីសំណាក់ក្លិប Leeds ដែលអាចមានលក្ខខណ្ឌណាមួយល្បួងយកបានពីក្លិបធំៗ ទាំង៦ នៃលីគ Premier League នៅក្នុងរដូវក្តៅខាងមុខ ខណៈក្លិប Leeds ក៏ត្រូវប្រឈមមុខជាមួយក្លិប PSG ដែលមានការចាប់អារម្មណ៍លើកីឡាករ Raphinha នៅរដូវក្តៅខាងមុខនោះផងដែរ៕