(ភ្នំពេញ)៖ ពេជ្រ សោភា គឺជាតារាចម្រៀងស្រីល្បីឈ្មោះបោះសំឡេងមួយរូបរបស់កម្ពុជា ដែលជានិច្ចកាល តែងតែរំលេចនូវទម្រង់សិល្បៈវប្បធម៌ខ្មែរ នៅក្នុងវីដេអូចម្រៀងរបស់ខ្លួន ធ្វើឲ្យអ្នកគាំទ្រមិនតិចនោះទេ កោតសរសើរពីភាពច្នៃប្រឌិតរបស់នាងមិនដាច់ពីមាត់។ យ៉ាងណាមិញ នៅពេលនេះ កាន់តែពិសេសដោយ ពេជ្រ សោភា មានឱកាសសម្តែងក្នុងកម្មវិធីបវរកញ្ញាក្នុងស្រុកដ៏ល្បីមួយ តាមរយៈការពាំនាំឈុតឆាកសម្តែងដ៏អស្ចារ្យនៃល្ខោនខោលខ្មែរ បង្ហាញដល់មហាជន។
តារាចម្រៀងលំដាប់ប្រទេស ពេជ្រ សោភា ត្រូវបានគណៈគ្រប់គ្រងរៀបចំកម្មវិធី «Miss Universe Cambodia» អញ្ជើញឲ្យចូលរួមសម្តែងក្នុងវគ្គផ្តាច់ព្រ័ត្រក្នុងកម្មវិធីនេះ ដែលត្រូវបានធ្វើឡើងកាលពីរាត្រីថ្ងៃទី២៨ ខែតុលា ម្សិលមិញនេះ។ ក្នុងឱកាសនោះ តារាចម្រៀង ពេជ្រ សោភា បានធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ និងមានក្តីរំភើបរីករាយជាខ្លាំង ចំពោះការសម្តែងយ៉ាងល្អឥតខ្ចោះ ពោលគឺបន្ថែមពីការបង្ហើរសំនៀងយ៉ាងពីរោះ ពេជ្រ សោភា បានពាំនាំល្ខោនខោលខ្មែរ មកបញ្ចូលក្នុងឈុតមួយចំនួនមកសម្តែង នៃចម្រៀងរបស់នាង ពេលបកស្រាយលើឆាក។ ខណៈការសម្តែងឈុតបែបនេះ ត្រូវបានគេដឹងថា ជាក្តីបំណងរបស់តារាចម្រៀង ពេជ្រ សោភា ជាយូរមកហើយ។
តារាចម្រៀង ពេជ្រ សោភា ផ្ទាល់បានឲ្យដឹងថា «ខ្ញុំមានឱកាស ខ្ញុំនឹងឲ្យអ្នកស្គាល់របស់ដែលជាប្រទេសខ្ញុំ...ខ្ញុំរង់ចាំឱកាសយូរហើយក្នុងឆាក Miss Universe ជាឆាកដែលគ្រប់ប្រទេសមិនអាចមើលរំលង»។
ជាការកត់សម្គាល់ ក្រៅពីការបញ្ចូលឈុតល្ខោនខោល ក្នុងចម្រៀងរបស់ខ្លួន នៅលើឆាកនៃវគ្គផ្តាច់ព្រ័ត្រកម្មវិធី «Miss Universe Cambodia» គេសង្កេតឃើញថា តារាចម្រៀង ពេជ្រ សោភា បានច្នៃក្រម៉ាខ្មែរ ចេញជាឈុតរ៉ូបបែបទាន់សម័យ មើលទៅពិតជាទាក់ទាញយ៉ាងខ្លាំង។ គំនិតច្នៃប្រឌិតរបស់តារាចម្រៀង ពេជ្រ សោភា ទាំងការសម្តែងលើឆាក ទាំងការស្លៀកពាក់ កំពុងធ្វើឲ្យអ្នកគាំទ្រ និងមហាជនខ្មែរ កោតសរសើរជាបន្តបន្ទាប់ ព្រោះផ្ទាំងទស្សនីយភាពសម្តែងដ៏អស្ចារ្យរបស់ ពេជ្រ សោភា មិនត្រឹមតែមានការចូលទស្សនាពីប្រជាពលរដ្ឋខ្មែរទេ គឺថែមទាំងត្រូវបានអ្នកនិយមគាំទ្រកម្មវិធីបវរកញ្ញានៅក្រៅប្រទេសចូលរួមទស្សនាផងដែរ។ ដោយសារកម្មវិធី «Miss Universe» ជាកម្មវិធីមួយដែលមានការរៀបចំឡើងនៅគ្រប់បណ្តាប្រទេស ដើម្បីជ្រើសរើសយកបេក្ខនារីតំណាងប្រទេស ទៅចូលរួមប្រកួតជាលក្ខណៈអន្តរជាតិ នាពេលខាងមុខ។
គួរជម្រាបថា តារាចម្រៀង ពេជ្រ សោភា ត្រូវបានមហាជនដឹងថា គឺជាតារាចម្រៀងមួយរូបដែលមានទឹកចិត្តស្នេហាវិស័យសិល្បៈវប្បធម៌ខ្មែរជាខ្លាំង ព្រោះតាមរយៈបណ្តាញសង្គម គេសង្កេតឃើញថា តារារូបនេះតែងតែធ្វើការចែករំលែកនូវអ្វីដែលជាទម្រង់សិល្បៈរបស់ខ្មែរ និងចូលចិត្តបញ្ចូលឈុតសម្លៀកបំពាក់បុរាណខ្មែរ នៅក្នុងវីដេអូចម្រៀងរបស់ខ្លួន៕