(ភ្នំពេញ)៖ សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) និងសាកលវិទ្យាល័យ Angelo State University (ASU) នៃសហរដ្ឋអាមេរិក បានចុះអនុស្សរណៈយោគយល់គ្នា លើកកម្ពស់ការអប់រំឧត្តមសិក្សា ក្នុងបរិបទសាកលភាវូបនីយ៍កម្ម និងបច្ចេកវិទ្យាឌីជីថល។
ពិធីនេះបានប្រព្រឹត្តក្រោមអធិបតីភាព លោកបណ្ឌិត សាន វឌ្ឍនា អនុរដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា លោកស្រី ទេព កូលាប សាកលវិទ្យាធិការនៃ PPIU និងលោកបណ្ឌិត Won-Jae Lee សាកលវិទ្យាធិការរងនៃ ASU នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១។
គោលបំណងចម្បងនៃ MoU នេះគឺផ្តោតសំខាន់ទៅលើការផ្តល់ឱកាសដល់និស្សិតកម្ពុជា ដែលមានបំណងពង្រីកសក្តានុពលរបស់ខ្លួន មានលទ្ធភាពទៅសិក្សា និងផ្លាស់ប្តូរបទពិសោធន៍ ក៏ដូចជាទទួលនូវបំណិននានានៅ ASU នៃសហរដ្ឋអាមេរិក តាមរយៈ PPIU។
ស្ថាប័នអប់រំទាំងពីរ នឹងដំណើរការសហប្រតិបត្តិការក្នុងជំហានទី១ ដោយផ្តល់ឱកាសដល់និស្សិត PPIU សិក្សាក្នុងរូបមន្ត ១+៣ លើមុខជំនាញពីរគឺ៖ (១) វិទ្យាសាស្រ្តកុំព្យូទ័រ(Computer Science) និង (២)ធុរកិច្ច (Business) ចាប់ពីឆ្នាំសិក្សា២០២១-២០២២ នេះតទៅ។ រូបមន្ត ១+៣ និស្សិតនឹងត្រូវសិក្សា ១ឆ្នាំនៅ PPIU រួចទៅរៀនបន្ត ៣ ឆ្នាំនៅ ASU (USA) សម្រាប់កម្រិតបរិញ្ញាបត្រ។
លើសពីនេះ កិច្ចសហប្រតិបត្តិការនេះ ក៏គ្របដណ្តប់ផងដែរ លើការផ្លាស់ប្តូរនិស្សិតកម្រិតបរិញ្ញាបត្រជាន់ខ្ពស់៕