(ភ្នំពេញ)៖ រនាលពណ៌ មានឈ្មោះជាភាសាអង់គ្លេស Painted Stork និងឈ្មោះវិទ្យាសាស្រ្ត Mycteria leucocephala។ រនាលពណ៌ ជាប្រភេទជិតទទួលរងការគំរាមកំហែងលើពិភពលោក ក្នុងបញ្ជីក្រហមរបស់ IUCN ហើយប្រភេទនេះមានវត្តមាននៅប្រទេសនេប៉ាល់ ឥណ្ឌា បងក្លាដេស ស្រីលង្កា ចិន មីយ៉ាន់ម៉ា ថៃ ឡាវ វៀតណាម និងកម្ពុជា។
កម្ពុជាបច្ចុប្បន្នមានបក្សីរនាលពណ៌សរុបប្រមាណ ២៥០០គូ ស្មើ២០% នៃចំនួនរនាលពណ៌សរុបនៅតំបន់អាស៊ីអាគ្នេយ៍ និងស្មើ១២% នៃចំនួសរុបលើពិភពលោក។ នេះបើតាមការលើកឡើងរបស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បញ្ជាក់លើបណ្តាញ Facebook នៅថ្ងៃទី២៩ ខែតុលានេះ។
វាមានប្រវែងខ្លួន៩៣-១០២ ស.ម ខ្លួនពណ៌ស ស្លាបទី១ និងទី២ពណ៌ខ្មៅ ចុងខ្នងពណ៌ផ្កាឈូក វ័ណ្ឌខ្មៅលើដើមទ្រូង ចំពុះធំវែងលឿងកោងខុបចុះបន្តិច។
ពេលបន្តពូជ៖ ស្បែកក្បាលឡើងក្រហម ចំពុះពណ៌លឿង។ ទីជម្រកភាគច្រើននៅតាមតំបន់ដីសើមដូចជា តំបន់ព្រៃលិចទឹក ទំនាបលិចទឹក តំបន់វាលភក និងតំបន់ឆ្នេរជាដើម ហើយមានបនា្ទយពងកូនតែមួយគត់នៅកម្ពុជា គឺនៅតំបន់រ៉ាមសារព្រែកទាល់ ដែលជាតំបន់ស្នូល នៃឋបនីយជីវមណ្ឌលបឹងទន្លេសាប ហើយក៏ជាបន្ទាយពងកូនធំជាងគេបំផុតនៅអាស៊ីអាគ្នេយ៍។ ជីវសាស្ត្រ៖ វាចូលចិត្ត បន្តពូជ រស់នៅ និងរកចំណីជាហ្វូងៗរួមគ្នា។ របាយមានវត្តមានពេញមួយឆ្នាំ។
រដូវបន្តពូជ ចាប់ពីខែ វិច្ជិកា ដល់ខែឧសភា ពងចំនួនពី២-៥។ បន្ទាប់ពីបន្តពូជពងកូននៅតំបន់បឹងទន្លេសាប ប្រភេទនេះផ្លាស់ទី ទៅកាន់តំបន់ដីសើមផ្សេងៗទៀតក្នុងប្រទេស និងប្រទេសជិតខាង ដើម្បីរកចំណី។ កត្តាគំរាមកំហែងសំខាន់ៗទៅលើប្រភេទនេះគឺ៖ ការប្រមាញ់ និងប្រមូលពងកូនពីកន្លែងបន្តពូជ ការបាត់បង់ទីជម្រក និងការរំខានដោយសកម្មភាពមនុស្ស។
លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា៖ «ប្រភេទរនាលពណ៌ត្រូវបានការពារយ៉ាងតឹងរឹង ដោយមន្ត្រីឧទ្យានុរក្សក្រសួងបរិស្ថាន ជាពិសេសកន្លែងបន្តពូជពងកូន នៅតំបន់រ៉ាមសារព្រែកទាល់ដែលជាតំបន់ការពារធម្មជាតិ ហើយក៏បាន អនុវត្តកម្មវិធីពិនិត្យ អង្កេតតាមដានពីបម្រែបម្រួលចំនួនរបស់ប្រភេទនេះផងដែរ ដែលបច្ចុប្បន្នមានចំនួនសរុប២៥០០គូ ដែលចំនួននេះស្មើ២០% នៃចំនួនសរុបនៅតំបន់អាស៊ីអាគ្នេយ៍ និងស្មើ១២% នៃចំនួសរុបលើពិភពលោក»៕